(ភ្នំពេញ)៖ នេះជាលើកទី២ហើយដែលរឿង «បណ្តឹងស្រីទាំង៥» ត្រូវបានអ្នកដឹកនាំរឿងល្បីឈ្មោះ លោកស្រី ពាន់ ភួងបុប្ផា យកមកដាក់បញ្ចាំងនៅរោងភាពយន្ត ដោយលោកស្រី រំពឹងខ្ពស់ថា នឹងជោគជ័យកាន់តែខ្លាំង ព្រោះថា ការយករឿងនេះ មកបញ្ចាំងគឺមកពីមានទស្សនិកជនច្រើនសំណូមពរ ហើយឈុតឆាកក្នុងរឿងមួយចំនួន បានកែច្នៃខ្លះ និងកាន់តែល្អមើលជាងមុន។
លោកស្រី ពាន់ ភួងបុប្ផា បានប្រាប់ Fresh News ឲ្យដឹងថា នេះជាលើកទី២ហើយ ដែលរឿងនេះ បានយកមកបញ្ចាំងនៅរោងភាពយន្ត ដោយសារតែខាងរោងភាពយន្ត និងទស្សនិកជនច្រើន ចង់ឲ្យបញ្ចាំងរឿងនេះម្តងទៀត ទើបលោកស្រី និងផលិតកម្ម Power film សហការគ្នាយករឿងនេះមកបញ្ចាំងជាថ្មី។
លោកស្រីបានបង្ហាញភាពជឿជាក់ថា ស្ទើរតែគ្រប់សាច់រប់លោកស្រី គឺជាប្រភេទរឿងអប់រំ ដូចជារឿងដែលដាក់បញ្ចាំងនេះ គឺលោកស្រីបានបង្កប់ន័យអប់រំមួយចំនួន និងប្រមូលម្តុំតារាសម្តែង សុទ្ធតែជាតារាល្បីៗនៅក្នុងប្រទេស។
ដូច្នេះទស្សនិកជនអាចមកទស្សនា រឿង «បណ្តឹងស្រីទាំង៥» បាននៅគ្រប់រោងភាពយន្ត៕