(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តពន្ធកាត់ទុក ក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងស្តីពី ការចៀសវៀងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធពន្ធលើប្រាក់ចំណូល។
បើយោងតាមសេចក្ដីណែនាំដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការអនុវត្តពន្ធកាត់ទុក ក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងស្តីពី ការចៀសវៀងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ ពន្ធលើប្រាក់ចំណូល ត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖
ទី១៖ អ្នកជាប់ពន្ធនិវាសជនកម្ពុជា ត្រូវអនុវត្តតាមវិធីគណនេយ្យតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លើរាល់ការទូរទាត់ចំណូលជាភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេស ទៅអ្នកជាប់ពន្ធនិវាសនជននៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងម្ខាងទៀត។ ការទូរទាត់ចំណូលខាងលើ ត្រូវចាត់ទុកថាបានទូរទាត់ ប្រសិនបើបានកត់ត្រាក្នុងបញ្ចិការគណនេយ្យរបស់អ្នកជាប់ពន្ធនិវាសនជនកម្ពុជាដែលជាភ្នាក់ងារកាត់ទុក។
ទី២៖ តាមមាត្រាស្តីពីការចូលជាធរមាននៃ DTA ពន្ធកាត់ទុកលើភាគលាភ ការប្រាក់ សួយសារ និងកម្រៃ សេវាបច្ចេកទេស ត្រូវមានប្រសិទ្ធភាពអនុវត្ត នៅប្រទេសប្រភព នៅពេលដែលប្រាក់ចំណូលកើតឡើង នៅថ្ងៃទីមួយនៃខែមករា ឬថ្ងៃបន្ទាប់ ក្នុងឆ្នាំប្រតិទិនបន្ទាប់ពីឆ្នាំ ដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។ សម្រាប់គោលដៅនៃពន្ធកាត់ទុកលើការបែងចែកភាគលាភ ប្រាក់ចំណូលកើតឡើងខាងលើ គឺជាប្រាក់ចំណូលដែលអ្នកជាប់ពន្ធនិវាសនជន បានទូរទាត់ នៅថ្ងៃទីមួយនៃខែមករា ឬថ្ងៃបន្ទាប់ ក្នុងឆ្នាំប្រតិទិនបន្ទាប់ពីឆ្នាំដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ទី៣៖ ការទូរទាត់ចំណូលជាភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេស ត្រូវជាប់ពន្ធកាត់ទុក តាមមាត្រា២៦ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនឲ្យលើសពីអត្រាកំណត់នៅក្នុងDTA ដូចមានចែងក្នុងសេចក្តីណែរនាំ លេខ ៤០៨៤ អពដ ចុះថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៨ ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណួល។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់ថា អ្នកជាប់ពន្ធនិវាសនជនកម្ពុជា និងអ្នកជាប់ពន្ធនិវាសនជននៃរដ្ឋភាគីម្ខាងទៀត ស្ថាប័នរដ្ឋ និងអង្គការនានាដែលស្ថិតក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងនេះ នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕