Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពត បន្តចុះវាស់ដីជូនប្រជាពលរដ្ឋ នៅឃុំបឹងទូក និងឃុំកោះតូច ឆ្លើយតបតាមសន្យាមុនបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា

17-08-2018 11:52

(កំពត)៖ លោក ជឹង ផល្លា អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការវាស់វែងដីធ្លីថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារវាស់វែងដីធ្លី ចុះផ្សព្វផ្សាយ និងបន្តវាស់ដីនៅសេសសល់ពីបទបញ្ជាលេខ០១ បប ជូនប្រជាពលរដ្ឋ នៅឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រជាពលរដ្ឋជួបជុំគ្នា នៅសាលាឃុំកោះតូច ប្រមាណជាជាង ១០០នាក់ផងដែរ។

លោកអភិបាលរងខេត្ត ជឹង ផល្លា បានលើកឡើងថា រាជរដ្ឋភិបាលក៏ដូចជាគោលការណ៍របស់គណបក្សប្រជាជន គឺមិនប្រងើយកន្តើយ ឬក៏បំភ្លេចពាក្យសន្យាឡើយ ហើយថាគោលការណ៍របស់ រាជរដ្ឋាភិបាល គឺចេញពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជាសម្រាប់អនុវត្ត។

ដោយឡែកពាក់ព័ន្ធដីធ្លី នៅខេត្តកំពត ក្រុមការងារនឹងបន្តវាស់វែងដីជូនប្រជាពលរដ្ឋ ជាជំហ៊ានដំបូង នៅឃុំកោះតូច និងឃុំបឹងទូក ក្នុងស្រុកទឹកឈូនេះ ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋបានកម្មសិទ្ធិ ឈានទៅប្រើប្រាស់ដីរបស់ខ្លួនស្របច្បាប់ សម្រាប់បង្កបង្កើនផលឆ្ពោះទៅកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ តាមគោលការរាជរដ្ឋាភិបាល។

លោកបានបន្តថា ក្នុងការចុះវាស់វែងនេះ ក៏បានស្នើឲ្យប្រជាពលរដ្ឋចៀសវៀងកាប់ព្រៃ រុកទន្ទ្រានដោយខុសច្បាប់ ហើយត្រូវយកយោគយល់សាមគ្គីគ្នា ខណៈក្រុមការងារចុះធ្វើការវាស់វែងនោះ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានមានការស្វាគមន៍អបអរសាទរ និងមានចិត្តសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ៕