(ភ្នំពេញ)៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញ នឹងដាក់កម្លាំងសមត្ថកិច្ច នៅគ្រប់មណ្ឌលប្រឡងទាំង២៥ និងមណ្ឌលកំណែទាំង១០នៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដល់បេក្ខជនប្រឡង ដែលមានជាង២ម៉ឺននាក់។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃប្រឡងបាក់ឌុប នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អះអាងថា «អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ខែសីហា ដើមសប្តាហ៍ក្រោយនេះ។
ដោយឡែក ចំពោះចំនួនកម្លាំងការសន្តិសុខសណ្តាប់ធ្នាប់ ពិតប្រាកដប៉ុន្មាននោះ លោកអភិបាលរងរាជធានីភ្នំពេញ សុំមិនប្រាប់ចំនួននោះទេ ព្រោះថាវាជាសន្តិសុខសង្គមជាតិ។
លោក នួន ផារ័ត្ន បានលើកឡើងថា នៅថ្ងៃទី២០ និងថ្ងៃទី២១ សាលារាជធានីភ្នំពេញ នឹងដាក់កម្លាំងនគរបាលចរាចរណ៍ គ្រប់ដងផ្លូវសំខាន់ៗទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡងទាំង២៥ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជនប្រឡងនៅរាជធានីភ្នំពេញទាំងអស់ មានចំនួនជាង២ម៉ឺននាក់។
លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នេះជាលើកទី៥ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅ គឺទទួលបានជោគជ័យដ៏ធំធេងផងដែរ។
អនុរដ្ឋលេខាធិការរូបនេះ បានឲ្យដឹងថា មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ មានចំនួន២៥មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡង ចំនួន២២,៧៧៨នាក់។
ជាមួយគ្នា លោកបានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវបន្ដកិច្ចសហការគាំទ្រ ដើម្បីធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡង សញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រព្រឹត្តទៅទទួលបានភាពល្អប្រសើរ។
យ៉ាងណាមិញ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់២៤ម៉ោង លើ២៤ម៉ោង នៅតាមមណ្ឌលប្រឡងទាំងអស់ និងការពារសុវត្ថិភាពនៅមណ្ឌលទាំង១០កន្លែង នៅរាជធានីភ្នំពេញរហូត ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។
ចំពោះអ្នកសង្កេតការណ៍សម្រាប់ មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ លោក ឃាង សេង បានលើកឡើងថា គឺអង្គការភាពដាក់អ្នកសង្កេតការណ៍ស្មគ្រចិត្ត ចំនួន១,១១៤នាក់ ទូទាំង២៥មណ្ឌលប្រឡង។ លោកបន្ថែមថា គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើឲ្យបែកធ្លាយវិញ្ញាសារជាសាធារណៈ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនល្មើស ឲ្យខានតែបាន។
ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនឲ្យបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ អនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសារ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាតឲ្យថតដែរ ហើយអ្នកថតនោះ បើចាប់បានក៏ត្រូវមានទោសដូចគ្នាដែរ៕