(រតនគិរី)៖ ជារឿងចម្លែក និងអាថ៌កំបាំងដែលវត្ថុតាងរថយន្តសាំយ៉ុងដឹកឈើ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-4654 ដែលបានផ្ទុកឈើប្រភេទប្រណិត និងឈើលេខ១ជាង១ម៉ែត្រគូប បានបាត់ កាលពីវេលាម៉ោង១០៖១១នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ខេត្តរតនគិរី។
លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះថា ពិតជាបាត់រថយន្តសាំយ៉ុង១គ្រឿង ដែលជាវត្ថុតាងបទល្មើសព្រៃឈើពិតប្រាកដមែន តែភ្លាមៗបន្ទាប់ពីបាត់រថយន្តនោះ លោកបានដាក់ពាក្យប្តឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ផងដែរ។
តាមពាក្យបណ្តឹងនោះដែរ លោក ខៀវ ចន្ទី បានដាក់ការសង្ស័យទៅលើម្ចាស់វត្ថុតាងតែម្តង ព្រោះបានទំនាក់ទំនងតាមលេខទូរស័ព្ទ០៩៧-៨៥០៩ ០២២ ក្នុងថ្ងៃទី១៦ ខែសីហា (ថ្ងៃកើតហេតុ) ឲ្យគាត់មកដើម្បីបំពេញឯកសារតាមនីតិវិធីផ្លូវច្បាប់។
បើតាមប្រភពព័ត៌មានផ្សេងទៀត បានលួចបង្ហើបប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា កន្លែងសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ មានរបងព័ទ្ធត្រឹមត្រូវ ហេតុអីបាត់វត្ថុតាងងាយស្រួលម្លេះ ,ម្យ៉ាងទៀត បើដឹងកន្លែងនោះគ្មានសុវត្ថិភាពហេតុអី បានមិននាំវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈបរកែវ ឫក៏កន្លែងខណ្ឌរដ្ឋបាលព្រៃឈើ ដែលកន្លែងមានសុវត្ថិភាព។
សម្រាប់ទាក់ទិនទៅនឹងករណីបាត់វត្ថុតាងរថយន្តសាំយ៉ុងដឹកឈើខាងលើនេះដែរ, ពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តរតនគិរី លើកឡើងស្រដៀងគ្នាថា បើខ្មោចស្រុកមិនបើកដៃ ក៏ខ្មោចព្រៃមិនហ៊ានដែរ ពោលគឺសង្ស័យមានការផ្សំគំនិតគ្នា ក្នុងផលប្រយោជន៍ណាមួយ ទើបបាត់វត្ថុតាងស្រស់ៗបែបនេះ៕