(ភ្នំពេញ)៖ ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បានប្រគល់មេដាយដល់លោកសាស្ត្រាចារ្យទួរគី លោកបណ្ឌិត Erdal Arikan ដែលជាអ្នកបង្កើតនូវ Polar Codes សម្រាប់បច្ចេកវិទ្យា 5G ដើម្បីទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់លោកសាស្ត្រាចារ្យ ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍។
កម្មពិធីនេះបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei នៅ ទីក្រុងShenzhen ប្រទេសចិន ដែលមានការចូលរួមពីសំណាក់ អ្នកវិទ្យាសាស្ត្រនិងវិស្វករ Huawei ជាង១០០នាក់។
ប្រធានក្រុមហ៊ុនប្តូរវេន នៃក្រុមហ៊ុន Huawei លោក Eric Xu បានថ្លែងថា ស្តង់ដារ 5G គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៅទូទាំងពិភពលោក ដើម្បីជំរុញវឌ្ឍនភាព ក្នុងការស្រាវជ្រាវលក្ខណៈមូលដ្ឋាន និងបច្ចេកវិទ្យាគមនាគមន៍ឥតខ្សែនេះ។ អ្នកវិទ្យាសាស្ត្រ និងវិស្វកររាប់ម៉ឺននាក់ ព្រមទាំងក្រុមហ៊ុនរាប់សិប នៅជុំវិញពិភពលោក ត្រូវការរយៈពេលជាង១០ឆ្នាំ ដើម្បីបង្តើតរូបរាងនៃស្តង់ដារនេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ Arikan ក៏ដូចជាក្រុមការងាររបស់លោក អ្នកវិទ្យាសាស្ត្រ និងនិយោជិតរបស់ក្រុមហ៊ុនHuawei ដែលបានចូលរួមចំណែក ជំរុញវឌ្ឍនភាពក្នុងការស្រាវជ្រាវបច្ចេកវិទ្យា 5G។
លោក Xu បានបន្ថែមថា «កំណើតនៃស្តង់ដារ 5G គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធានាឲ្យបានថា បច្ចេកវិទ្យា 5G រួមទាំង Polar Codes នេះ និងផ្តល់នូវគុណតម្លៃកាន់តែច្រើន សម្រាប់សង្គមក្នុងពេលឆាប់ៗនេះ យើងក៏សង្ឃឹមផងដែរថា ការសហការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ តួយ៉ាងដូចជាការសហការរវាង Huawei និងលោកសាស្ត្រាចារ្យ Arikan នឹងបន្តផ្តល់នូវភាពអស្ចារ្យជាច្រើនទៀត ដែលជាកត្តាលិកជំរុញឲ្យ វិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងសង្គមទាំងមូល មានការអភិវឌ្ឍន៍កាន់តែប្រសើរ»។
បន្ទាប់ពីបានទទួលមេដាយនោះ លោកសាស្ត្រាចារ្យ Arikan បានថ្លែងថា លោកមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់នេះ ហើយរីករាយទទួលស្គាល់ថា ប្រសិនបើគ្មានចក្ខុវិស័យ និងការរួមចំណែកផ្នែកបច្ចេកទេសរបស់ថ្នាក់ដឹកនាំ និងវិស្វកររបស់ក្រុមហ៊ុន Huawei នោះ Polar codes ពិតជាមិនអាចក្លាយទៅជាស្តង់ដារមួយ ដ៏ពិតប្រាកដក្នុងរយៈពេលតិចជាង១០ឆ្នាំ ហើយសម្រាប់លោក ក្នុងនាមជាវិស្វករមួយរូប គ្មានរង្វាន់អ្វីធំជាងការធ្វើឲ្យការគិតរបស់យើងក្លាយទៅជាការពិត។
គួរបញ្ជាក់ថា នៅឆ្នាំ១៩៤៨ ទ្រឹស្តីព័ត៌មានវិទ្យា Claude Shannon បានគណនាអំពីដែនកំណត់សម្រាប់ល្បឿន ដែលយើងអាចបញ្ជូនទិន្នន័យមិនមានកំហុស(error-free)។ កាលណាអ្នកបញ្ជូនទិន្នន័យ ជាមួយល្បឿនកាន់តែលឿន នោះឱកាសបង្កកំហុស (error) កាន់តែច្រើន។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ឧស្សាហកម្មនេះ បានសិក្សាលើដំណើរការមួយដែលហៅថា channel coding ដើម្បីឆ្ពោះខិតទៅជិតដែនកំណត់នោះ។ Polar Codes ត្រូវបានគេជឿថា ជាគ្រោងការណ៍ channel coding ដំបូងគេ ដើម្បីនាំឧស្សាហកម្មនេះឡើងដល់កំរិត នៃដែនកំណត់របស់ Shannon ឬអត្រាអតិបរមាដែលទិន្នន័យ អាចត្រូវបានបញ្ជូនដោយគ្មានកំហុស ជាមួយល្បឿនដ៏ជាក់លាក់។
ក្នុងនាមជាអ្នករួមចំណែកដ៏ធំធេង ក្នុងការបង្កើតស្តង់ដារ 5G និងជាអ្នកកាន់ប៉ាតង់ស្នូល ក្រុមហ៊ុន Huawei ប្តេជ្ញាអនុវត្តតាមគោលការណ៍ FRAND សម្រាប់ការផ្តល់អាជ្ញាប័ណ្ណប៉ាតង់ ប្រកបដោយយុត្តិធម៌សមហេតុផល និងមិនរើសអើង ដែលជាគោលការណ៍ដែលក្រុមហ៊ុនបានប្រកាន់យក នឹងបន្តប្រកាន់ខ្ជាប់ ទៅមុខ។
ក្រុមហ៊ុន Huawei មានគោលបំណង បង្កើតប្រព័ន្ធអេកូ 5G ដ៏រឹងមាំរួមគ្នាជាមួយបណ្តាក្រុមហ៊ុនផ្សេងៗ។ ការវិនិយោគ ទៅការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដ៏រឹងមាំត្រូវបានក្រុមហ៊ុនផ្តោតជាចម្បង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានវិនិយោគជិត ជាង៤០០ពាន់លានRMB នៅក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងទសវត្សរ៍កន្លងទៅនេះ។ ក្រុមហ៊ុន Huawei នឹងបង្កើនការវិនិយោគក្នុងការស្រាវជ្រាវមូលដ្ឋានដោយកំណត់ពី 20% ទៅ 30% នៃថវិកាប្រចាំឆ្នាំរបស់ខ្លួន ពោលគឺពី15 ទៅ20ពាន់លាន RMB ក្នុងការសិក្សាស្រាវជ្រាវ៕
Facebook: https://www.facebook.com/huawei/videos/10156372520785874/
Twitter: https://twitter.com/Huawei/status/1027453517013762048
LinkedIn: https://www.linkedin.com/feed/update/urn:li:activity:6433220239961493504