(បន្ទាយមានជ័យ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ផែង វណ្ណៈ យកទៅផ្តល់ជូនកម្មករសំណង់កំសត់ពីរនាក់ប្ដីប្រពន្ធ ដែលឆក់ខ្សែភ្លើងនៅប៉ោយប៉ែត កំពុងសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។
អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ១កេស, ទឹកដោះគោខាប់១កេស, មុង២, ខ្នើយ២, ភួយ២, កន្ទេល២, ពូក១, ទឹកត្រី៣យួរ, សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុត និងថវិកាមួយចំនួន។
បុរសជាប្ដីឈ្មោះ ភាន ចាន់ណា អាយុ៥១ឆ្នាំ ត្រូវកាត់ដៃទាំងពីរ ចំណែកប្រពន្ធឈ្មោះ ប្រាក់ សំ អាយុ៤៩ឆ្មាំ កាត់ដៃទាំង២ និងជើងឆ្វេងមួយ។ មុនកើតហេតុកម្មករកំសត់ពីរនាក់ប្ដីប្រពន្ធនេះ បានសុំផ្ទះរបស់ប្អូនស្រីឈ្មោះ ភាន ចិន្តា នៅភូមិបានណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រស់នៅជាមួយ។ ជនរងគ្រោះទាំងពីរនាក់នេះមិនមានដី ឬផ្ទះផ្ទាល់ខ្លួនទេ មានកូន៣នាក់ ក្នុងបន្ទុក កូនប្រុសពីរនាក់ទៅធ្វើកម្មករនៅប្រទេសថៃ ចំណែកកូនស្រីបងអាយុ២៥ឆ្នាំ គនិយាយមិនបាន។
អំណោយ និងថវិកា ដែលបានផ្ដល់ជូនកម្មកររងគ្រោះពីរនាក់ប្ដីប្រពន្ធ គឺជាការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែនៅជាប់ជាមួយប្រជាជន ពេលប្រជាជនមានទុក្ខលំបាក។
កម្មករងគ្រោះទាំងពីរប្ដីប្រពន្ធ និងក្រុមគ្រួសារ មានក្ដីរំភើបរីករាយ និងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី ហ៊ុន ម៉ាណា និង បានគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕