(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបជុំយ៉ាងសប្បាយរីករាយនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបង្ហាញអំពីលទ្ធផល ដ៏ត្រចះត្រចង់របស់បក្សដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជនបាន១២៥អាសនៈ ក្នុងកៅអីរដ្ឋសភាទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ស្រទ្បាញ់ការអភិវឌ្ឍ និងកាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយនៅតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។
លោកបានបន្តថា ចាប់ពីពេលនេះតទៅ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តបេសកម្មដើម្បីជាតិមាតុភូមិ ក្នុងកិច្ចការងារអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ផ្តោតសំខាន់ទៅលើ៤ធំៗគឺរួមមាន៖ ទឹក, ភ្លើង, ផ្លូវ និងធនធានមនុស្សផងដែរ ហើយនឹងបង្កើនការវិនិយោគឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋឲ្យច្រើនបន្ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនពលរដ្ឋធ្វើឲ្យមានជីវភាពធូធារបានមួយកម្រឹតថែមទៀត។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិត និងស្រុកចន្ទ្រា ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឲ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី៕