(កំពង់ធំ)៖ ជាមោទនភាពដ៏រីករាយមួយសម្រាប់ជនរួមជាតិកម្ពុជា ដែលកីឡាករប្រណាំងរថយន្ត និងប្រណាំងម៉ូតូអន្តរជាតិរបស់កម្ពុជា នៅតែបន្តរក្សាបានពិន្ទុល្អនាំមុនគេជាប់ៗគ្នាពីព្រឹត្តការណ៍ Asia Cross Country Rally 2018 តាំងពីចាប់ផ្ដើមដំណើរនៅប្រទេសថៃ ដោយឆ្លងកាត់ខេត្តព្រះជិនបុរី និងខេត្តបុរីរម្យ និងកំពុងចូលមកដល់ប្រទេសកម្ពុជាដោយឆ្លងកាត់ខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ មុនឆ្លងចូលមកដល់រាជធានីភ្នំពេញ។
ជាក់ស្ដែង នៅថ្ងៃទី៤ លើទឹកដីកម្ពុជា ការប្រណាំងឆ្លងកាត់៣ខេត្ត មានខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ ក្រុមការ៉ាកម្ពុជា កីឡាករ ហូ សិទ្ធគុណ ធ្វើបានយ៉ាងល្អដោយបន្តឈរចំណាត់លេខ១ លើប្រភេទរថយន្តប្រើសាំង រីឯកីឡាករប្រណាំងម៉ូតូ គួន ផាន់តារា បានឡើងឈរលេខ១ដែរ បន្ទាប់ពីការប្រកួតនៅថៃឈរលេខ២។
ពាក់ព័ន្ធនឹងការប្រកួតថ្ងៃដំបូងនៅក្នុងប្រទេសកម្ពុជា អ្នកបើកបររថយន្តកីឡាករសញ្ជាតិជប៉ុន Nakata លើកឡើងថា ការប្រកួតនៅទឹកដីកម្ពុជាខុសពីប្រទេសថៃ ដោយនៅថៃយើងត្រូវបើកបរនៅតាមជើងភ្នំឡើងចុះៗ តែនៅកម្ពុជាស្ថានភាពផ្លូវមានឧបសគ្គច្រើន ដោយត្រូវបើកបរនៅវាលទំនាប ហើយតំបន់ខ្លះលិចទឹកមានភក់ទៀតធ្វើឱ្យរថយន្តមួយចំនួនជាប់ផុងមិនអាចបន្តការប្រកួតបាន។
កីឡាករជប៉ុនរូបនេះបានបន្តថា ប្រកួតនៅកម្ពុជាធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ ដោយនៅតាមដងផ្លូវសម្បូរដើមឈើធំ និងប្រាសាទបុរាណប្រវត្តិសាស្រ្តជាច្រើន ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន រួមទាំងស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជានៅតាមដងផ្លូវជាដើម។
ដោយឡែកកីឡាករប្រណាំងម៉ូតូកម្ពុជា គួន ផាន់តារា បញ្ជាក់ដែរថា ការប្រណាំងលើចម្ងាយផ្លូវ ១៤៧គីឡូម៉ែត្រ លើទឹកដីពិតជាពិបាក ដោយត្រូវឆ្លងកាត់ផ្លូវដែលមានទឹកលិចជាច្រើនកន្លែង បានធ្វើឱ្យកីឡាករដទៃទៀតជួបបញ្ហា និងមានកីឡាករខ្លះរងរបួសផងដែរ។ ប៉ុន្តែកីឡាករ គួន ផាន់តារា ធ្វើបានយ៉ាងល្អសម្រាប់ប្រកួតដំបូងលើទឹកដីកម្ពុជា បើទោះជាកីឡាករមួយចំនួនរបួស និងមិនអាចបញ្ចប់ការប្រកួតរបស់ខ្លួននៅថ្ងៃដំបូងលើទឹកដីកម្ពុជា។
ចំពោះលទ្ធផលថ្ងៃបើកឆាកការប្រកួត Asia Cross Rally Country 2018 គឺកីឡាករ ហូ សិទ្ធគុណ នៅបន្តឈរលេខ១ដដែល លើប្រភេទរថយន្តប្រើសាំង លេខ២ កីឡាករ SATOCHI TAKENO និងលេខ៣ កីឡាករ SHINICHI MORITA អ្នកទាំង២សុទ្ធជាកីឡាករជប៉ុន ចំណែកឯម៉ូតូវិញ កីឡាករប្រណាំងម៉ូតូរបស់កម្ពុជា គួន ផាន់តារា ឈរលេខ១ លេខ២កីឡាករជប៉ុន YUSHIO IKEMACHI និងលេខ៣ កីឡាករកម្ពុជា ចាន់ តារាវុធ៕