(បាងកក)៖ មន្ត្រីក្រសួងពាណិជ្ជកម្ម, ម្ចាស់ក្រុមហ៊ុន និងអ្នកធ្វើអាជីកម្ម E-Commerce មកពីបណ្តាប្រទេស CLMVT រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានជួបជុំគ្នាក្នុងវេទិកា CLMVT Forum 2018 នាទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងព័ត៌មានថ្មីៗ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មឌីជីថល (Digital Economy) និង E-Commerce។
ក្នុងនោះភាគីកម្ពុជា មានលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកពីការរីកចម្រើន ក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ជូនបណ្តាប្រទេសសមាជិក CLMVT ដទៃទៀត។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្រោយបញ្ចប់ការពិភាក្សា លោក ឈួន ដារ៉ា បានបញ្ជាក់ថា ប្រធានបទដែលបានលើកយកមកពិភាក្សានៅក្នុងវេទិកា CLMVT ឆ្នាំនេះ គឺការធ្វើពាណិជ្ជកម្មឌីជីថល (Digital Economy)។ បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបានចូលដល់បរិបទ នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូច្នេះការធ្វើពាណិជ្ជកម្ម ក៏ត្រូវតែទំនើបផងដែរ ក្នុងនោះការទិញលក់តាមប្រព័ន្ធ Online គឺជាការងារមួយប្រសើរ ដើម្បីកាត់បន្ថយពេលវេលា ផ្តល់ភាពងាយស្រួលដល់អ្នកលក់ និងអ្នកទិញ។
លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា «ការធ្វើពាណិជ្ជកម្មឌីជីថលនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ខណៈដែលពិភពលោកយើងកំពុងប្រើប្រាស់ បច្ចេកវិទ្យាកាន់តែទំនើបទៅៗ។ បណ្តាប្រទេស CLMVT ក្នុងវេទិកានេះ យើងពិភាក្សារួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសទាំង៥ ធ្វើពាណិជ្ជកម្មរយៈ E-Commerce ឲ្យកាន់តែមានសក្តានុពលខ្លាំង និងក៏បានពិភាក្សាផងដែរ ដោយយើងត្រូវតែរួមគ្នា ធ្វើយ៉ាងណានៅតាមច្រកព្រំដែន មានដំណើរការរលូន ទាំងបញ្ហាដឹកជញ្ជូន និងបញ្ហាបចេ្ចកទេសផ្សេងៗទៀតផងដែរ»។
សូមជម្រាបថា វេទិកា CLMVT Forum 2018 រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែសីហា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ផ្តើមតាមរយៈប្រពន្ធ័បច្ចេកវិទ្យា-Taking Off through Technology»។ វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានថ្លែងសុន្ទរកថា បើកជាផ្លូវការ ដោយលោកឧត្តមសេនីយ៍ Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ នាព្រឹកថ្ងៃទី១៦ ខែសីហា។ វេទិការយៈពេល២ថ្ងៃពេញនេះ មានកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធយ៉ាងច្រើន។
សូមជម្រាប់ថា បណ្តាប្រទេស CLMVT រួមមាន ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាតំបន់មួយដែលមានសក្តានុពលខ្ពស់ និងមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ ដោយមានប្រជាជនសរុបប្រមាណជាង ២៣៧លាននាក់ និងកំណើន GDP ជាមធ្យម៥.៨ភាគរយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសហគ្រិន មកពីទូទាំងពិភពលោក មកវិនិយោគលើវិស័យផលិតកម្ម និងពង្រីកទីផ្សាររបស់ពួកគេ ដែលនាំឲ្យមានឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយប្រទេសទាំងប្រាំ (CLMVT) ក៏បានរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម សម្រាប់ពេលអនាគតរបស់បណ្តាប្រទេស ក្នុងតំបន់ទាំងមូលផងដែរ៕