(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យទទួលបានលទ្ធផលគាប់ប្រសើរ សម្រាប់អាណត្តិថ្មីបន្ថែមទៀត។
នាឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្រ្តីបានថ្លែងថា ក្នុងរយៈពេល១អាណត្តិមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានជោគជ័យធំធេងគួរជាទីមោទនៈ ធ្វើឱ្យគ្រប់មជ្ឈដ្ឋានអបអរសាទរ ហើយបានផ្តល់នូវទំនុកចិត្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបានបន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព និងការអភិវឌ្ឍរុងរឿងឆាប់រហ័ស។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈការផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល និងវិស័យការងារ បានធ្វើឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានលទ្ធផលល្អប្រសើរ បំពេញបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា។
លោកថា កត្តាទាំងនេះទទួលបានការអបអរសាទរ និងទទួលបានការគាំទ្រពីសាធារណជន យុវជន ជាពិសេសពីសំណាក់កម្មករនិយោជិត ដែលកំពុងទទួលបាននូវមុខរបរ ការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែមានភាពល្អប្រសើរកើនឡើងជាលំដាប់។
លោករដ្ឋមន្រ្តីដ៏សកម្មរូបនេះក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ដែលបានខិតខំបំពេញកាងារទទួលបានជោគជ័យ ក្នុងរយៈពេលពេញមួយអាណត្តិទី៥នេះ ហើយត្រូវខិតខំបំពេញការងារ ដើម្បីពង្រីកនូវសមិទ្ធផលទាំងនេះសម្រាប់អាណត្តិទី៦បន្តទៀត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀត៕