Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាក្តីខ្មែរក្រហម៖ សហចៅក្រមស៊ើបអង្កេតចេញដីកាដំណោះស្រាយ ដាច់ដោយឡែកពីគ្នាទាក់ទងនឹង អោ អាន ក្នុងសំណុំរឿងស៊ើបអង្កេត០០៤/០២

16-08-2018 18:25

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់អំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុតឬទេ។ នេះបើតាមសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះ។

សហចៅក្រមស៊ើបអង្កេតជាតិ ពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទ ហើយសម្រេចលើកលែងចោទប្រកាន់លើ អោ អាន ដោយហេតុផលនោះ។ ដើម្បីសម្រេចសេចក្តីដូចនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណា ការចូលរួមរបស់ អោ អាន និងភាពធ្ងន់ធ្ងរនៃការប្រព្រឹត្តបទល្មើស ព្រមទាំងកត្តាជាច្រើនទៀត ដូចជាខ្លឹមសារនៃកិច្ចព្រមព្រៀង និង ច្បាប់ ស្តីពី អ.វ.ត.ក ព្រមទាំង
ចេតនានៃភាគីបង្កើតកិច្ចព្រមព្រៀង និងច្បាប់នេះ។

សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។ ចៅក្រមបានរំឮកភាគី តាមរយៈសេចក្តីសម្រេចរួមគ្នានៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ដែលក្នុងនោះបាន អះអាងថា ចៅក្រមពិចារណាចេញនូវដីកាដំណោះស្រាយដោយឡែកពីគ្នា ក្រោមច្បាប់អនុវត្ត ដោយ អ.វ.ត.ក និងទទួលស្គាល់អំពីលទ្ធភាពនៃបណ្តឹងឧទ្ធរណ៍ជំទាស់តាមវិធាន ៧៧ (១៣)។

សហចៅក្រមស៊ើបអង្កេតទាំងពីរ បានដាក់ដីកាដំណោះស្រាយជាភាសាការងាររបស់ខ្លួន ហើយនឹងចេញនូវអត្ថបទបកប្រែតាមក្រោយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជាយ៉ាងនេះក្តី សហចៅក្រមនឹងផ្តល់នូវសេចក្ដីសង្ខេបអំពីសំអាងហេតុរបស់ពួកគេជាពីរភាសា ដើម្បីធានាថាសាធារណជនត្រូវបានផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីលទ្ធផល រហូតដល់អត្ថបទបកប្រែពេញលេញបានចប់រួចរាល់៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់សាលាក្តីខ្មែរក្រហម៖