(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា ការសាងសង់វិមានឈ្នះ-ឈ្នះ ត្រូវសិក្សាយ៉ាងឱ្យបានល្អិតល្អន់ និងប្រុងប្រយ័ត្នជាទីបំផុត ដើម្បីឱ្យមានការឆ្លើយតបនូវខ្លឹមសារ និងអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងដូចនេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ទ្រង់ទ្រាយការងារមានជំហានយ៉ាងខ្លាំងក្លា និងមានល្បឿនលឿនជាងពេលមុនៗហើយ ត្រង់ថា ផ្នែកនីមួយៗប្រមូលផ្តុំកិច្ចការងារទៅមុខរបស់ខ្លួន កាន់តែសកម្មឡើង ព្រោះទាំងអស់គ្នាសុទ្ធតែយល់ជ្រួតជ្រាបពីដំណើរការ នៃការកសាងវិមានឈ្នះ-ឈ្នះនេះ ហើយបានចូលរួមយ៉ាងសកម្ម គិតមកដល់ពេលនេះ គឺវាសមរម្យដែលអាចនឹងបង្ហើយការងារស្នូលសំខាន់ៗបានហើយ អាចនៅសល់ការងារខ្លះដែលវាស្មុគស្មាញ ដែលការងារទាំងអស់នោះ គឺកំពុងតែសិក្សាយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្នបំផុត ដើម្បីឆ្លើយតបនូវខ្លឹមសារ និងអត្ថន័យ នៃនយោបាយឈ្នះ-ឈ្នះនេះ ឱ្យបានជាក់លាក់ ទើបសម្រេចយកមកតម្កល់ និងយកមករៀបចំនៅក្នុងវិមានឈ្នះ-ឈ្នះនេះ។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា រវាងខ្លឹមសារ រចនាបទ និងការចម្លាក់ចុងក្រោយនេះ គឺឱ្យស៊ីចង្វាក់គ្នាងាយយល់ច្បាស់លាស់ពីកិច្ចការ នៃដំណើរការឈ្នះ-ឈ្នះនេះ មានដំណើររឿងវារបៀបណា អ្វីជាគោល អ្វីជាកត្តា អ្វីជាយុទ្ធសាស្ត្រ គឺធ្វើឱ្យវាស៊ីចង្វាក់គ្នាតែម្តង ហើយបញ្ហាការងារនេះគឺមានមួយផ្នែកធំ កំពុងតែប្រគល់ភារកិច្ច ញ៉ែកចេញជាផ្នែកៗ ឱ្យមានភាពជាក់លាក់។ ចំពោះអ្វីដែលមានភាព កក់ក្តៅជាទីបំផុតនោះ គឺការលំអរនៅជុំវិញតួរនៃវិមានឈ្នះ-ឈ្នះនេះ គឺបានជោគជ័យជាក់ជាមិនខាននៅពេលខាងមុខនេះ ជាក់ស្តែងដូចជា ការដាំដើមឈើ ទោះបីជាមិនទាន់បានដុះប៉ុន្តែគឺមានគម្រោងអស់ហើយ ចំពោះការសិក្សាស្រាវជ្រាវនោះទៀត គឺអាចធានាបានថាមិនមានបញ្ហាអ្វីនោះទេ គឺអាចនឹងធ្វើទាន់នៅក្នុងអំឡុងមួយខែ ឬពីរខែនេះគឺដើមឈើនឹងអាចដុះបាននៅទីនេះហើយ។
សម្តេចពិជ័យសេនា ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនណាក្បូរក្បាច់រចនាបទមួយចំនួន ដែលមិនសូវស្មុញស្មាញហើយអាចឆ្លើយតបបាន ពេញលេញអត្ថន័យដែលចង់បាននោះ គឺវានឹងអាចហើយបាន១០០% មុនថ្ងៃសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ដោយឡែក រចនាបទខ្លះទៀត ដែលចង់ធ្វើឱ្យចំអត្តន័យនោះគឺមានការពាក់ព័ន្ធជាមួយ នឹងការវិភាគច្រើនទៀត ដូចនេះវាគឺទាមទាឱ្យមានពេលវេលាច្រើនបន្តិច ដើម្បីសិក្សារៀនសូត្របន្ថែមទៀត តើវាចំអត្ថន័យកម្រិតណា តើវាត្រូវដាក់ឫមិនគួរដាក់ ហើយដាក់ទៅវាបានចំណេញយ៉ាងណាខ្លះ? ដូវនេះហើយមានចំណុចខ្លះគឺមិនអាចធានាថារួចរាល់១០០%នោះទេ ព្រោះយើងធ្វើនេះទៅតាមតម្រូវការនៃខ្លឹមសាររបស់វាព្រោះថា កន្លែងខ្លះបើគិតថាត្រូវហើយនិងបង្ហើយវា តែចំពោះកន្លែងខ្លះទាមទារឱ្យមានការរង់ចាំទៀត ព្រោះមានកត្តាច្រើនណាស់ដែលយើងត្រូវរតែរង់ចាំ៕