(ភ្នំពេញ)៖ បន្ទាប់ពីប្រតិបត្តិការនៅកម្ពុជា ជាច្រើនឆ្នាំក្រុមហ៊ុន Meizu បានបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មអតិថិជន និងទីតាំងបង្ហាញ របស់ក្រុមហ៊ុនមួយនៅកម្ពុជា។ ការបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មអតិថិជន និងទីតាំងបង្ហាញ របស់ក្រុមហ៊ុន Meizu ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
ជាមួយនឹងការដាក់សម្ពោធនេះ លោក ឃុន ហេង ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Meizu បានថ្លែងឲ្យដឹងពីភាពវិជ្ជមាន នៃក្រុមហ៊ុនដែលបានមកដំណើរការ នៅក្នុងប្រទេសកម្ពុជានេះ។
លោក ឃុន ហេង បានថ្លែងឲ្យដឹងថា «រយៈពេល៦ខែ ឆ្នាំ២០១៨នេះ យើងទទួលបានការគាំទ្រគួរសម លើការប្រើប្រាស់ និងជាវស្មាតហ្វូន Meizu ដោយក្នុងឆ្នាំនេះការប្រើប្រាស់ស្មាតហ្វូន Meizu កើនឡើង១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧»។
លោកបានបន្ដទៀតថា ការកើនឡើងនេះ បានធ្វើឲ្យក្រុមហ៊ុន Meizu បន្ដពង្រីកមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញផលិតផលជាបន្ដបន្ទាប់។ ជាក់ស្ដែងក្នុងថ្ងៃនេះ ក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការទីតាំងបង្ហាញថ្មីមួយទៀតហើយ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវមុន្នីរ៉េត ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបានបន្ដទៀតថា មកទល់ពេលនេះក្រុមហ៊ុន Meizu បានមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញផលិតផល ចំនួន២កន្លែងមកហើយ ហើយមជ្ឈមណ្ឌលនេះ ជាជំហានថ្មីមួយទៀតសម្រាប់ Meizu ក្នុងប្រទេសកម្ពុជា ក្នុងការបម្រើអតិថិជន និងផ្ដល់ទំនុកចិត្តដល់ដៃគូរពាណិជ្ជកម្ម ដែលតែងតែគាំទ្រ។
ក្នុងថ្ងៃសម្ពោធមជ្ឈមណ្ឌលសេវាកម្ម និងកន្លែងទីតាំងបង្ហាញផលិតផលនេះ ក៏មានការតាំងបង្ហាញនូវទូរស័ព្ទដៃ ម៉ាកទំនើបៗសេរីចុងក្រោយ ក្នុងនោះក៏បានបង្ហាញនូវផលិតផលថ្មីមួយទៀត ដែលមានឈ្មោះថា Meizu M15 Plus, ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់ជាមួយអេក្រង់ Super Amoled ទំហំ5.95 ជាមួយកាមេរ៉ាភ្លោះ12+20 និងកាមេរ៉ាមុខ20មេហ្គាភិចសេល៕