(ភ្នំពេញ)៖ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរដល់គណបក្សប្រជាជន ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ រហូតឈ្នះការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កន្លងទៅនេះ។ នេះបើតាមលិខិត លោក ណារិនដ្រា ម៉ូឌី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
លោក ណារិនដ្រា ម៉ូឌី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអបអរសាទរចេញពីដួងចិត្តរបស់ខ្ញុំជូនសម្តេចចំពោះជោគជ័យដ៏ច្រើនលើសលប់របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាល០៦ នៃព្រះរាជាណាក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមប្រសិទ្ធពរដ៏ល្អបវរ ចំពោះប្រជាជនកម្ពុជា ជាមិត្ត សូមឱ្យមានភាពជឿនលឿន សន្តិភាព និងវិបុលភាពបន្តទៀត»។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានបន្តថា «ខ្ញុំមានជំនឿជឿជាក់ថា ទំនាក់ទំនងជាប្រពៃណី និងមិត្តភាពរបស់យើង ដែលត្រូវបានពង្រឹងឡើងវិញ ក្នុងពេលថ្មីៗនេះ តាមរយៈទស្សនកិច្ចរបស់សម្តេចតេមកប្រទេសឥណ្ឌា និងទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀត រវាងប្រទេសយើងទាំងពីរ នឹងមានការរីកលូតលាស់ និងស៊ីជម្រៅបន្ថែមទៀត នាឆ្នាំខាងមុខ»។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រកាសជាផ្លូវការហើយ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨នេះ។ ជាផ្លូវការគឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រចំនួន ៤ ៨៨៩ ១១៣ សំឡេង ស្មើនឹង ៧៧%នៃចំនួនអ្នកទៅបោះឆ្នោតសរុប ៦,៩៥៦,៩០០នាក់ និងបានឈានទៅដល់ការគ្រប់គ្រងអាសនៈសរុបទាំងអស់១២៥ របស់រដ្ឋសភាជាតិ៕
ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ នាយករដ្ឋមន្រ្តីឥណ្ឌា៖