(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា (UC) សម្រេចប្រកាសផ្តល់អាហារូបករណ៍ចំនួន៣០៥០កន្លែង សម្រាប់និស្សិតដែលខ្វះលទ្ធភាព ក្នុងការចំណាយលើការសិក្សា ដើម្បីបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។ នេះបើតាមលោក អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ទទួលបន្ទុកធនធានមនុស្ស នៅក្នុងសន្និសីទកាសែតមួយ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ។
លោកបានថ្លែងថា ដោយសង្កេតឃើញ មានសិស្ស និស្សិតជាច្រើនដែលខ្វះខាត និងមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយចំពោះការសិក្សានៅគ្រឹះស្ថានអប់រំឧត្តមសិក្សាល្អៗ ក្នុងប្រទេសដោយសារតែថ្លៃសិក្សាខ្ពស់ និងការចំណាយប្រចាំថ្ងៃ ដូច្នេះពួកគេចង់បានអាហារូបករណ៍ ដើម្បីជួយសម្រាលបន្ទុកនៃការចំណាយរបស់គ្រួសារពួកគេ និងអាចឱ្យពួកគេផ្ចិតផ្ចង់ ខិតខំរៀនសូត្រឱ្យពូកែ និងក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជា។
លោក អ៊ី រតនា បានថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះ ក្នុងយុទ្ធសាស្ត្រជ្រើសរើសយុវជនវ័យឆ្នើមមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងការអបអរសាទរខួបលើកទី១៥ឆ្នាំ សាកលវិទ្យាល័យកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ចំនួនសរុប៣០៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩»។
លោក អ៊ី រតនា បានបញ្ជាក់ថា អាហារូបករណ៍ត្រូវបានបែងចែកជាពីរផ្នែករួមមាន៖ ទី១៖ អាហារូបករណ៍ពេញថ្លៃសិក្សា១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែង, អាហារូបករណ៍ពេញថ្លៃសិក្សា១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៥កន្លែង និងថ្នាក់បណ្ឌិតចំនួន១៥កន្លែង។ ទី២៖ អាហារូបករណ៍ពាក់កណ្តាលថ្លៃសិក្សា៥០ភាគរយ ចំនួន២០០០កន្លែង ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១៥០០កន្លែង, សម្រាប់ថ្នាក់អនុបណ្ឌិតចំនួន៣០០កន្លែង, សម្រាប់ថ្នាក់បណ្ឌិតចំនួន២០០កន្លែង៕