(ភ្នំពេញ)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងថ្លែងថាប្រជាពលរដ្ឋបានផ្តល់សេចក្តីទុកចិត្តយ៉ាងខ្ពស់បំផុត ចំពោះគណបក្សប្រជាជនកម្ពុជា (CPP) ដែលបានសង្គ្រោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ នេះបើយោងតាមលិខិតអបអរសាទរលទ្ធផល នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។
លិខិតអបអរសាទរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានបញ្ជាក់ថា «សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមអបអរសាទរ និងប្រកាសគាំទ្រទាំងស្រុង នូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ លទ្ធផលនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានផ្តល់សេចក្តីទុកចិត្តយ៉ាង ខ្ពស់បំផុត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩ ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍ លើគ្រប់វិស័យដូចពេលបច្ចុប្បន្ន»។
សូមរំឭកថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥៕
ខាងក្រោមនេះជាសារលិខិតរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍៖