(ភ្នំពេញ)៖ លោកស្រី កាវ សួនធុក វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធដង្ហើម មកពីមន្ទីរពេទ្យជោរៃប្រទេសវៀតណាម បានបញ្ជាក់ថា ជំងឺត្បៀតទងសួត និងសួតរ៉ាំរ៉ៃ ជាប្រភេទជំងឺកាចសាហាវទី៣ នៅលើពិភពលោក បន្ទាប់ពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺប្រភេទនេះអាចកើតមានឡើងចំពោះអ្នកដែលញៀននឹងការជក់បារី ឬប្រទេសថ្នាំជក់ផ្សេងៗ។
ការបញ្ជាក់របស់វេជ្ជបណ្ឌិត កាវ សួនធុក ធ្វើឡើងក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្ដល់ឱសថដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺត្បៀតទងសួត និងសួតរ៉ាំរ៉ៃ ចំនួន៥០នាក់ ដែលមានការសហការរវាង មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោកស្រី កាវ សួនធុក វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធដង្ហើម បានបញ្ជាក់ថា «ជំងឺនេះច្រើនកើតលើអ្នកដែលចូលចិត្តជក់បារី និងថ្នាំជក់ផ្សេងៗ ដែលកើតឡើងអាយុចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ហើយ៩០ភាគរយនៃអ្នកជក់បារី ត្រូវបានគេរកឃើញថា មានជំងឺត្បៀតទងសួតរុំាំរ៉ៃ ហើយជំងឺមួយនេះឈរនៅលំដាប់ទី៣ ដែលបានសម្លាប់មនុស្ស ច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល»។
លោកស្រីវេជ្ជបណ្ឌិតបន្តទៀតថា ជំងឺត្បៀតទងសួតនេះ បានចែកចេញជា៤ប្រភេទផ្សេងគ្នា គឺរួមមានដំណាក់កាលទី១, ទី២, ទី៣ និងទី៤ ម្យ៉ាងវិញទៀតនោះ ដើម្បីវាយតម្លៃបានពីដំណាក់កាលទី១ ទី២ ទី៣ និងទី៤ គឺត្រូវពឹងទៅលើការវាស់ផ្លូវដង្ហើមរបស់អ្នកជំងឺ ដោយឲ្យអ្នកជំងឺផ្លុំខ្យល់ចេញពីដង្ហើមដើម្បីដឹងពីកម្លាំងខ្យល់ នោះគ្រូពេទ្យអាចនឹងដឹងថា អ្នកជំងឺស្ថិតក្នុងដំណាក់កាលទីប៉ុន្មាន។
លោកស្រី កាវ សួនធុក បន្តថា ជំងឺដែលសម្លាប់មនុស្សលំដាប់ទី៣លើពិភពលោកនេះ មិនមែនជាជំងឺឆ្លងនោះទេ ព្រោះជាប្រភេទរ៉ាំរៃ ដែលកើតឡើងចំពោះអ្នកដែលចូលចិត្តជក់បារី ឬថ្នាំជក់ផ្សេងនោះទេ។
សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រចាំខែវគ្គមុន សម្រាប់វគ្គនេះមន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ ហើមសួត និងរបៀបរស់នៅដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នេះគឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតជំនាញរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា បើមិនចង់កើតជំងឺត្បៀតទងសួត និងសួតរ៉ាំរ៉ៃ នេះនោះទេ គឺមិនត្រូវពិសារបារី ឬថ្នាំជក់ផ្សេងៗនោះទេ ហើយជៀសវាងធ្វើការងារដែលឧស្សាហ៍ ប៉ះពាល់នឹងធូលីដី ហើយសម្រាប់កន្លែងធ្វើការនោះ ត្រូវមានអនាម័យឲ្យបានគ្រប់គ្រាន់ជៀសវាងមានដីធូលីជាប្រចាំក្នុងបន្ទប់ធ្វើការ៕