(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយគណៈកម្មការផ្សារអូឬស្សី ផ្សារធំថ្មី ផ្សារផេនសលមុខសណ្ឋាគារកាំបូឌីយ៉ាណា ផ្សារអូឡាំពិក និង ផ្សារបឹងកេងកង ចុះធ្វើការឆែកឆេរតូបអាជីវករមួយចំនួន ដែលធ្វើអាជីវកម្មលក់ផលិតផលក្លែងក្លាយដែលរួមមាន កាបូបយួរដៃ ស្បែកជើង និងខ្សែក្រវ៉ាត់នារីក្លែងក្លាយម៉ាក ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនគេរកសុីស្របច្បាប់ និងប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ។
ការចុះឆែកឆេរនេះ ដឹកនាំដោយលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។ លទ្ធផលបានរកឃើញកាបូបយួរដៃ និងស្បែកជើងសម្រាប់មនុស្សស្រីជាង១០០កាបូប និង រាប់សិបគូរស្បែកជើង ។ ក្នុងនោះសមត្តកិច្ចក៏បានអញ្ជើញអាជីវករដែលពាក់ព័ន្ធជាច្រើនតូបមានលក់កាបូប និង ស្បែកជើងក្លែងក្លាយបន្លំម៉ាកខាងលើមកធ្វើការអប់រំ និង ធ្វើកិច្ចសន្យាឲ្យបញ្ឃប់ការលក់របស់ក្លែងក្លាយម៉ាកខាងលើនេះតទៅទៀត ។
ក្រោយពីធ្វើកិច្ចសន្យាអប់រំហើយ ក្រុមអាជីវករជាច្រើនរូបដែលលក់ផលិតផលក្លែងក្លាយ នៅលើទីផ្សារទាំង៥ នោះ ត្រូវបានសមត្តកិច្ចអនុញ្ញាតិឲ្យទៅលក់ដូរធម្មតាវិញ ។ចំណែកកាបូបរាប់រយ និង ស្បែកជើងជាច្រើនគូរ រួមមានខ្សែក្រវ៉ាត់ផងនោះ ត្រូវបានដកហូតយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីរង់ចាំការសម្រេចរបស់តុលាការ ។លោកឧត្តមសេនីយ៏ទោឡុង ស្រេង បានឲ្យដឹងថា ការចុះអនុវត្តច្បាប់ស្តីពីការរំលោភកម្មសិទ្ធិបញ្ញា និង ក្លែងក្លាយម៉ាកទៅលើផលិតផលនេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ ដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនM.W METROPOLITAN INTERNATIONAL BRANDS Co., Ltd.។ លោក ឡុង ស្រេង បន្តថា ការចុះអនុវត្តច្បាប់ឆែកឆេររកផលិតផលក្លែងក្លាយនេះ សមត្ថកិច្ចរបស់លោកដកហូតបានកាបូបដៃម៉ាកPEDRO និង ម៉ាកCHARLES.KEITH ចំនួន១៥០ និងខ្សែក្រវ៉ាត់ចំនួន៩ ។
ចុងក្រោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានសំណូមពរទៅដល់បងប្អូនអាជីវករលក់ដូរផលិតផលទាំងឡាយ គួរតែបញ្ឍប់ការតាំងលក់ និង ចែកចាយទំនិញក្លែងក្លាយតទៅទៀត ហើយត្រូវយល់អំពីការធ្វើពាណិជ្ជកម្ម នៃ ការប្រកួតប្រជែងមិនស្មោះត្រង់ ជៀសវៀងមានបញ្ហាប្រឈមមុខទៅនឹងផ្លូវច្បាប់ ស្ដីពីម៉ាក ពាណិជ្ជនាម និង ការប្រកួតប្រជែងមិនស្មោះត្រង់ តាមមាត្រ១១ ចំណុចខ ។ អ្នកនាំចូល និងអ្នកដែលលួចផលិតទំនិញក្លែងក្លាយមានទោសដូចគ្នា គួរតែបញ្ឍប់នូវរាល់ទង្វើរកសុីខុសច្បាប់ ៕