(ភ្នំពេញ)៖ ម៉ាស៊ីនថតឆ្លុះស្បូន (Hysteroscopy) ស៊េរីទំនើបចុងក្រោយបំផុតចំនួន២គ្រឿង ដែលបច្ចុប្បន្នមន្ទីរពេទ្យធំៗ នៅលើពិភពលោកបាននិងកំពុងប្រើប្រាស់ មានតម្លៃជាង២០ម៉ឺនដុល្លារ ដែលជាអំណោយរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ត្រូវបានប្រគល់ជូនមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

ពិធីប្រគល់ និងទទួលនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធាន ស.ស.យ.ក តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក៣បណ្ឌិត Billy Chan ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីក្រុងម៉ាកាវ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមគ្រួសារនៃ ស.ស.យ.ក និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជិត២០០នាក់ ។

ថ្លែងក្នុងឱកាសដ៏ប្រពៃនេះ នាយកមន្ទីរពេទ្យបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទីក្រុងម៉ាកាវ និងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានផ្តល់នូវម៉ាស៊ីនឆ្លុះស្បូន ដល់មន្ទីរពេទ្យរបស់លោក ព្រោះម៉ាស៊ីននេះមានប្រសិទ្ធភាពខ្ពស់ណាស់សម្រាប់ថតឆ្លុះរកនូវអាការៈមិនប្រក្រតី និងជំងឺនានា ដែលពាក់ព័ន្ធនឹងស្បូនរបស់ស្ត្រី ដូចជា ដុំពក គីស ភាពកន្រ្តាក់ខុសប្រក្រតីនៃស្បូន និងមហារីកមាត់ស្បូនជាដើម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហេង សុខគង់ ក្នុងនាមលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងកោតសរសើរ និងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជានិច្ចកាលបានសហការល្អ និងផ្តល់ក្រុមគ្រូពេទ្យល្អៗ និងពូកែៗ ដើម្បីចូលរួមការងារបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ កម្មករ-កម្មារិនី ព្រះសង្ឃ និងបងប្អូនខ្មែរឥស្លាម ដែលនៅឆ្ងាយពីសេវាសុខាភិបាល ដោយឥតគិតថ្លៃនារយៈកាលកន្លងមក ក៏ដូចជា ក្នុងការជួយសម្របសម្រួលដល់អ្នកជំងឺក្រីក្រ ដែលមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យតាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។

លោកក៏បានរំលឹកផងដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងដែលមានលោកស្រី យឹម ឆៃលីន ជាប្រធានកិត្តិយស។ ក្នុងរយៈពេលជិត៤ឆ្នាំមកនេះ សម្ព័ន្ធគ្រូពេទ្យបានពង្រីកសមាជិករបស់ខ្លួន បានគ្រប់ជំនាញវេជ្ជសាស្ត្រ ព្រមទាំងមានសាខានៅតាមបណ្តាខេត្ត សាកលវីទ្យាល័យ និងមន្ទីរពេទ្យនានា សរុប៤៦៨៨នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋសរុបបាន១៣៨៥៦៨នាក់ ក្នុង២០រាជធានី-ខេត្ត ក្នុងនោះព្រះសង្ឃបាន៦៩៨អង្គ-នាក់ កម្មករ-កម្មារិនី បាន២២៨៦៩នាក់ និងបងប្អូនខ្មែរឥស្លាម៣៦៣៥នាក់, វះកាត់បានចំនួន១០៨៨ករណី ចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេបានចំនួន៧៤០នាក់, បន្តក់ថ្នាំវីតាមីនការពារជំងឺងងឹតមាន់ និងជំងឺគ្រុនស្វិតដៃជើងបាន១២១១នាក់ ព្រមទាំងការអប់រំសុខភាពមាត់ធ្មេញ និងចែកថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញដល់កុមារបាន២១៨៩នាក់ផងដែរ។

ថ្លែងក្នុងឱកាសដ៏ប្រពៃនេះ លោកបណ្ឌិត Billy Chan ក្នុងនាមលោកបណ្ឌិត Manson Fok ព្រឹទ្ធបុរស នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃទីក្រុងម៉ាកាវបានអបអរសាទរចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ហើយគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត។

លោកបណ្ឌិតក៏បានលើកឡើងពីកិច្ចសហការល្អរវាងមហាវិទ្យាល័យរបស់លោក និងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តាំងពីការចុះអនុស្សារណៈ នៃការយោគយល់គ្នានាឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ លោកបានសន្យានៅក្នុងការបន្តជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្សដល់វេជ្ជបណ្ឌិតកម្ពុជាតាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។

ជាមួយនិងអំណរសាទរនេះដែរលោក សុះ មុះសិន ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នារយៈកាលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់លោកបណ្ឌិត Billy Chan និងសហការីដែលជានិច្ចកាលជួយឧបត្ថម្ភគាំទ្រ ដល់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា ដូចតាមជាក់ស្តែងបានឧបត្ថម្ភនូវ ម៉ាស៊ីនថតឆ្លុះស្បូន ដ៏ទំនើបនេះជាដើម និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់នាឱកាសនេះផងដែរ៕