(កណ្ដាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំង៤ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីលោកប្រធាន និងអនុប្រធានការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំង៤ សរុបប្រមាណ៧៩២នាក់។
ថ្លែងទៅកាន់អង្គពិធីទាំងមូល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះទាំងនេះ មកបម្រើប្រទេសជាតិរបស់យើង និងបានគូសបញ្ជាក់ថា ចំណេះវិជ្ជាជាទ្រព្យមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របតាមសុភាសិតខ្មែរមួយឃ្លាពោលថា «ចំណេះវិជ្ជាជាទ្រព្យដ៏ចំណាន ចោរលួចមិនបាន ចាយច្រើនរឹតតែចម្រើនឡើង»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវការអ្នកចេះដឹងពិតប្រាកដបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍលើគ្រប់វិស័យ ក្នុងគោលបំណងប្រែក្លាយពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍជឿនលឿន ដូចបណ្តាប្រទេសអភិវឌ្ឍមួយចំនួន លើសកលលោក។
ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសន្យាផ្តល់ម៉ូតូមួយគ្រឿង ដល់សិស្សដែលប្រឡងជាប់ទទួលបាននិទ្ទេស A និងសិស្សដែលប្រឡងជាប់ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១០ម៉ឺនរៀល ជាពិសេសស្វែងរកអាហារូបករណ៍ពីសាកលវិទ្យាល័យនានា នៅក្នុងស្រុកផ្ដល់ជូនសិស្ស ក្នុងស្រុកកោះធំ និងនាំក្មួយៗសិស្សានុសិស្ស ដែលបានប្រឡងជាប់ជិះរថភ្លើងពីភ្នំពេញ ទៅកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក៏បានក្រើនរំឭកផងដែរឲ្យសិស្សានុសិស្សទាំងអស់តាំងចិត្តឲ្យមុតស្រួច ស្វែងរកគ្រប់មធ្យោបាយ ប្រើឲ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន ពិសេសរំឭកមេរៀនឲ្យបានញឹកញាប់ ថែរក្សាសុខភាពឲ្យបានល្អ មុនពេលថ្ងៃប្រឡងមកដល់ និងបានជូនពរពួកគាត់ប្រឡង ជាប់គ្រប់ៗគ្នា ជាពិសេសទទួលបាននិទ្ទេស A ឲ្យបានច្រើនជាងឆ្នាំមុនៗ។
សូមជម្រាបជូនថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ដែលក្នុងនោះនៅស្រុកកោះធំ មានមណ្ឌលប្រឡង ចំនួនបីរួមមាន៖ វិទ្យាល័យហ៊ុន សែនស្អាង (ជើង) វិទ្យាល័យហ៊ុន សែនស្អាង (ត្បូង) និងវិទ្យាល័យ វឌ្ឍនៈឈូងលាភ៕