(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយ កម្ពស់៤ជាន់ នៅក្នុងសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្នុងពិធីនោះ ក៏មានការចូលរួមពី​ លោកវរសេនីយ៍ឯក ង្វៀន អាន់យុង ប្រធានអនុព័ន្ធយោធាក្រសួងការពារប្រទេស នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម, នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និង​លោកឧត្តមសេនីយ៍តំណាង អគ្គនាយកចំណុះក្រសួងការពារជាតិ ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិតនាយទាហានស.ក.ជ ចូលរួម​៧០០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា បានបញ្ជាក់ថា ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ យោធាចារ្យ និងនិស្សិតនាយទាហានទាំងអស់ មានសេចក្តីសប្បាយ រីករាយចំនួន៣ គឺទី១៖រីករាយអបអរសាទរគាំទ្រទាំងស្រុងនូវលទ្ធផល ផ្លូវការនៃការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរីនិងយុត្តិធម៌ ដែលប្រកាសដោយ គ.ជ.ប កាលពីម្សិល​មិញនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈ នៅក្នុងរដ្ឋសភា​បញ្ជាក់ច្បាស់ថា​ ប្រជាជនកម្ពុជាទូទាំងប្រទេសគាំទ្រ ជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍។​

ទី២៖រីករាយនឹងលទ្ធផល​ដែលក្រុមការងារសាកលវិទ្យាល័យ ការពារជាតិចុះជួយឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានជោគជ័យ មកពីកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ចលនាមហាជនទៅបោះឆ្នោតគាំទ្ររហូតដល់​៨៦,៤%​។ ទី៣៖រីករាយថ្ងៃនេះ បានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ អាគារថ្នាក់រៀនថ្មី មួយខ្នង អំពីបេតុងអារម៉េ កំពស់៤ជាន់ ជាជំនួយឧបត្ថម្ភ​ពីក្រសួងការពារប្រទេសវៀតណាម ដែលអាគារនេះមានសារសំខាន់បំផុត ជាថ្នាក់រៀនថ្មី បំពេញនូវការខ្វះខាតកន្លងមកដែលនាយទាហានដែលយើងទទួលមកបណ្តុះបណ្តាល កាន់តែកើនឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅ ឲ្យនិស្សិតនាយទាហាន រៀនពូកែ មានសញ្ញាប័ត្រ ប៉ុន្តែបញ្ហាធំជាងនេះ គឺធ្វើឲ្យសិស្ស-និស្សិត នាយទាហាន ក្លាយជាកងទ័ពម្នាក់មានសមត្ថភាពដឹកនាំបំពេញ ភារកិច្ចការពារជាតិមាតុភូមិ ប្រឆាំងដាច់ខាត ចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា​ភិបាល​។

បន្ថែមពីនេះ ​ក្លាយជាកម្លាំងពិតមួយដែល​ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ព្រមទាំងចេះណែនាំដល់ អ្នកក្រោមឱវាទឲ្យធ្វើតាមផងដែរ​។ សរុបមកប្តេជ្ញាកសាងពង្រឹងសាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស និងជាមជ្ឈមណ្ឌល​តម្រង់ទិស​ពីគោលជំហរទស្សនៈ នយោបាយការពារជាតិ​ចំទិស ស្របតាមប្រសាសន៍របស់សម្តេច កងទ័ពជាខឿនការពារជាតិ របស់ប្រជាជន​។

​លោកវរសេនីយ៍ឯក ង្វៀន អាន់យុង បានសម្តែងនូវអំណរសាទរចំពោះលទ្ធផលបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន និងរីករាយដោយបានឃើញនូវ ចំណងទាក់ទងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងនូវការកោត សរសើរចំពោះសាកលវិទ្យាល័យការពារជាតិ នាពេលបច្ចុប្បន្ន ដែលមានការកែទម្រង់បានល្អអំពីការដឹកនាំគ្រប់គ្រងយោធា​ចារ្យ សិស្សនិស្សិត យកចិត្តទុកដាក់រៀនសូត្រកែលម្អខ្លឹមសារបណ្តុះបណ្តាល និងមានការកសាង អង្គភាពបានល្អទាំង​សោភ័ណភាព។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ក៏បានធ្វើបទបង្ហាញជូនអង្គពិធីអំពីសភាពការណ៍អន្តរជាតិ តំបន់ និង​សភាពការណ៍ជាតិ នាពេលបច្ចុប្បន្ន ជូនជាចំណេះដឹង ផងដែរ​៕​