(ភ្នំពេញ)៖ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (CFA) គឺជាស្ថាប័នចម្រុះ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណង ជួយគាំទ្រការអភិវឌ្ឍន៍ នៃវិស័យ FinTech ក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញកិច្ចសហការ រវាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងឡាយ ក្នុងប្រព័ន្ធអេកូ FinTech ក្នុងប្រទេសកម្ពុជា។ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានបើកសម្ពោធជាផ្លូវការ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅជាន់ទី៣៦ ខែអគារវឌ្ឍនៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូពាណិជ្ជកម្ម តំណាងក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាច្រើននាក់ទៀត។
សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នមួយ ដែលសមាជិករបស់ខ្លួន តំណាងឲ្យភាគីពាក់ព័ន្ធគ្រប់រូបភាព ក្នុងវិស័យ FinTech ចាប់តាំងពីក្រុមហ៊ុនច្នៃប្រឌិត ក្នុងដំណាក់កាលដំបូង រហូតដល់ក្រុមហ៊ុនធំៗ ដែលនាំមុខក្នុងផ្នែកហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាកម្មនានា។ ដើម្បីពង្រឹងគោលបំណង នៃការអភិវឌ្ឍវិស័យ FinTech ក្នុងប្រទេសកម្ពុជា សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូជាមួយស្ថាប័ន និងសមាគមនានាពីប្រទេសកម្ពុជា និងទូទាំងសកលលោក ដើម្បីសហការ ទៅលើគំនិតផ្តួចផ្តើមផ្សេងៗ ទាក់ទងនឹងវិស័យ FinTech។
ដើម្បីជាកិច្ចចាប់ផ្តើម ពួកយើងបានចុះហត្ថលេខា លើអនុស្សរណៈជាមួយសមាគម អ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុផ្លូវការ ពីប្រទេសសឹង្ហបុរី តៃវ៉ាន់ និងថៃ។ តាមរយៈអនុស្សរណៈមួយនេះ សមាគមទាំងបួនយល់ព្រម ក្នុងការសហការ និងបន្តចូលរួមក្នុងគោលបំណង រួមចំណែកក្នុងការអភិវឌ្ឍន៍នៃវិស័យ Fintech ក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ី។
សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា អនុវត្តនូវការងារសំខាន់ៗចំនួន បួនសម្រាប់សមាជិករបស់ខ្លួនមានដូចជា:
ទី១, ជាជើងឯក –ផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាល និងនិយតករទៅលើការផ្លាស់ប្តូរគោលនយោបាយនានា ដែលគាំទ្រភាពច្នៃប្រឌិត និងការរីកលូតលាស់នៃ Fintech។
ទី២, ជាអ្នកផ្តល់ជំនួយ –ផ្តល់ការស្រាវជ្រាវ ជំនួយផ្នែកច្បាប់/បទបញ្ញត្តិ ការបញ្ចុះតម្លៃសម្រាប់អ្នកផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជួយសមាជិករបស់យើង ក្នុងការកសាង និងពង្រីក Startup របស់ពួកគេ។
ទី៣, ជាអ្នកផ្សំផ្គុំ –បញ្ចុះបញ្ចូលអតិថិជនឲ្យទិញ វិនិយោគិនឲ្យវិនិយោគ និងអ្នកមានទេពកោសល្យ ឲ្យចូលរួមក្នុងដំណោះស្រាយ Fintech នានា។
ទី៤, ជាស្ពានតភ្ជាប់ទំនាក់ទំនង –តភ្ជាប់ការបណ្តាក់ទុន (ធនធាន) ទេពកោសល្យ (ការអប់រំ) និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងប្រព័ន្ធអេកូ Fintech កម្ពុជា និងផ្តល់នូវទំនាក់ទំនាក់ ទៅកាន់មជ្ឈមណ្ឌលនានា នៅក្រៅប្រទេសតាមរយៈបណ្តាញ នៃកម្មវិធីនិងដៃគូរបស់ពួកយើង។
ជាមួយនឹងភាពរឹងមាំ នៃអ្នកចូលរួមផ្សេងៗទាំងឡាយ ដែលត្រូវបានប្រមូលផ្តុំដោយសមាគមមួយនេះ ពួកយើងសង្ឃឹមថា វានឹងអាចបង្កើតកាតាលីស សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត ប្រកបដោយនិរន្តរភាពសម្រាប់វិស័យ Fintech នៅក្នុងប្រទេសកម្ពុជា៕