(សៀមរាប)៖ ដើម្បីការពារ សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយរថយន្ដពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្ទីរពាណិជ្ជកម្ម គណៈកម្មការ បានចុះទៅពិនិត្យទំនិញនៅផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរឹទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្ដដ្ឋានអន្តរជាតិ បានឲ្យដឹងថា ការចុះធ្វើការត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ បន្លែ-ផ្លែឈើ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងបានយកគំរូមកធ្វើតេស្តបានចំនួន៦៥គំរូ មានដូចជា ពពួកបន្លែស្រស់ ពពួកគ្រឿងសមុទ្រ ពពួកផ្លែឈើស្រស់ ពពួកបង្អែម មី-គុយទាវ ពពួកជ្រក់ ផ្អក ម៉ាំ ប្រហុក សាច់ក្រក និងត្រីងៀតជាដើម។ល។
លោកប្រធានសាខា បានបន្តថា ជាលទ្ធផលក្រោយការវិភាគរបស់ក្រុមការងារ បានឃើញថា ក្នុងចំណោម៦៥គំរូ មានតែមួយគំរូទំនិញទេ ដែលមានផ្ទុកសារធាតុគីមី (សំណល់គីមីថ្នាំកសិកម្ម) លើស្ពៃបូកគោ ដែលទទួលយកមកពីផ្សារសាមគ្គី ដែរបាននាំចូលពីប្រទេសវៀតណាម។
បន្ទាប់មកក្រុមការងារបានបន្ដចែកជូន Poster ជូនដល់អាជីវករ និងពន្យល់ណែនាំជូនអំពីការដាក់ លក់ផលិតផលឲ្យមានអនាម័យ និងការពិនិត្យការផុតកាល បរិច្ឆេទលើផលិតផលនានា។
លោក ព្រៅ ខេមរឹទ្ធ ក៏បានណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូប អាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់ មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕