(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ បញ្ជាការដ្ឋានកងពលតូចលេខ៧០ និងមេបញ្ជាការ នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រពេញទំហឹងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រកាសដោយគ.ជ.ប ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈ ក្នុងរដ្ឋសភា។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាក់យ៉ាងដូច្នេះថា «យើងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបញ្ជាការដ្ឋាកងពលតូចលេខ៧០ បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ បទបញ្ញត្តិនានាទាក់ទងនឹងការបោះឆ្នោតនេះ ពិតជាបង្ហាញឆន្ទៈ ពិតប្រាកដ និងមោះមុតរបស់ប្រជាជនកម្ពុជា ដែលជឿជាក់លើ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ លទ្ធផលផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថាអត្រាប្រជាជនដែលបានចូលរួមបោះឆ្នោត មានកម្រិតខ្ពស់រហូតដល់ ៨៣.០២ភាគរយ»។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានធ្វើការប្ដេជ្ញាចិត្តថា នឹងការពារយ៉ាងម៉ឺងម៉ាត់នូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ មិនឲ្យបរទេសណាមកបំពាន ឬក្រុមអមិត្តណាមកផ្ដួលរំលំបាននោះឡើយ។
សូមជម្រាបថា ការប្រកាសចូលរួមអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕