(កណ្តាល)៖ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកទូរគមនាគមន៍កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ ស្រុកស្អាង ជាតំណាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង បានថ្លែងដោយជំរុញឲ្យសិស្សានុសិស្ស ត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៨ ត្រូវខិតខំរៀនសូត្រកុំចាំដល់ថ្ងៃប្រឡងទើបប្រឹងរៀននោះ (គោបាត់ទើបធ្វើរបង ដល់ថ្ងៃប្រលងទើបខំរៀន)។
លោក សន វី បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស វិទ្យាល័យស្អាង និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ចំនួន៣៩នាក់ និងបេក្ខជនត្រៀមប្រឡង យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ ប្រមាណ៤៤០នាក់ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនស្រុកស្អាង។
លោកបានថ្លែងបន្តទៀតថា ក្មួយៗសិស្សានុសិស្សទាំងអស់ បានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល១២ឆ្នាំមកហើយ ដូច្នេះនៅថ្ងៃចុងក្រោយ មុនការប្រឡង កុំខំប្រឹងប្រែងរៀនពេកអី គួរតែគេង និងលេងកីឡាឱ្យបានច្រើន ហើយត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រោះវាអាចធ្វើឱ្យការខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំនោះ រលាយបាត់អស់ត្រឹម មួយពព្រិចភ្នែក។
លោកក៏បានផ្តាំផ្ញើរដល់ក្មួយៗ សិស្សានុសិស្ស ជាបេក្ខជនត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវមានការតាំងចិត្តខ្ពស់ កុំភិតភ័យ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិន័យ និងគោលការណ៍នៃការប្រឡង ចេះប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅតាមសមត្ថភាពរបស់យើង។
លោកក៏បានអំពាវនាវឱ្យសិស្សានិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងដណ្តើមយកនិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុនៗ ហើយសូមឱ្យក្មួយៗ សិស្សានុសិស្សទាំងអស់មានសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។
ចុងបញ្ចប់លោកក៏បាននាំយកថវិកាលោក ប្រាក់ សុខុន រួមទាំងថវិកាលោកផ្ទាល់ និងសហការី ទៅចែកជូនដល់លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៤៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺនរៀលផងដែរ៕