(ភ្នំពេញ)៖ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺសម្តេចព្រះសង្ឈរាជ ទេព វង្ស និងសម្តេចព្រះសង្ឃរាជ បួរ គ្រី បានចេញញ្ញត្តិរួមគ្នា ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹង ដល់លទ្ធផល នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ និងប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ញ្ញត្តិរួមគ្នាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ព្រមពេលជាមួយគ្នានេះ អាត្មាភាពតំណាងសង្ឈទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងឱឡាឫក្សចំពោះដំណើរការ និងលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស និងគ្មានការបង្ខិតបង្ខំ»។
ក្នុងញ្ញត្តិដដែលបានបញ្ជាក់ទៀតថា «សូមប្រកាសគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី០៦ នៃរដ្ឋសភា និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រកាន់ខ្ជាប់នូបឧត្តមគតិស្នេហាជាតិ ដ៏ឧត្តុងឧត្តម ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ»៕
ជាមួយគ្នានេះ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ក៏បានចេញញ្ញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។
ញ្ញតិរបស់លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានឲ្យដឹងថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីដំណើរការនៃការបោះឆ្នោតជាតិនីតិកាលទី០៦ បានបង្ហាឲ្យឃើញថា បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ត្រឹមត្រូវ យុត្តិធម៌ និងមិនមានការគំរាមកំហែងអ្វីឡើយ ដែលពិតជាបង្ហាញពីការគោរព និងដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាជោគជ័យ ថ្មីមួយទៀតរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងញ្ញត្តិ បានបញ្ជាក់ថា «ឆ្លងតាមបទពិសោធន៍ នៃការបោះឆ្នោតជាតិជាច្រើនលើកកន្លងមក បានបង្ហាញថា ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពចាស់ទុំ ពីមួយអាណត្តិទៅមួយអាណត្តិ ។ ក្នុងស្មារតីនេះ តាងនាមឲ្យថ្នាក់ដឹកនាំឥស្លាម សមាជិក សមាជិកានៃ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា គណៈអ៉ីម៉ាំគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀនខ្មែរឥស្លាម និងប្រជាពលរដ្ឋខ្មែរឥស្លាម ទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៩ ខែកក្កដ ឆ្នាំ២០១៩ កន្លងទៅនេះ»។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕