(ភ្នំពេញ)៖ សហជីពធំៗចំនួន៤ទៀតហើយ ដែលតំណាងឲ្យកម្មកររាប់ម៉ឺននាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រពេញទំហឹងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រកាសដោយគ.ជ.ប នៅយប់ថ្ងៃទី១៥ ខែសីហា ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈ ក្នុងរដ្ឋសភា។
តាមសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបានរួមមាន៖ សហព័ន្ធសហជីពសំឡេងយុវជនខ្មែរ (ស.ស.ស.យ.ខ) តំណាងកម្មករនិយោជិតជាង៤ម៉ឺនាក់, សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា (ស.ស.យ.ក.ក) តំណាងកម្មករនិយោជិតជាង៨ម៉ឺននាក់, សហព័ន្ធសហជីពអភិវឌ្ឍន៍កម្ពុជា (ស.ស.អ.ក) និងសហព័ន្ធសហជីពចលនាយុវជនដើម្បីសេរីភាព។
សហជីពធំៗទាំងអស់នោះ សុទ្ធតែបានបញ្ជាក់ដូចគ្នាយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺបានប្រព្រឹត្តទៅដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ បទបញ្ញត្តិនានាទាក់ទងនឹងការបោះឆ្នោតនេះ ពិតជាបង្ហាញឆន្ទៈ ពិតប្រាកដ និងមោះមុតរបស់ប្រជាជនកម្ពុជា ដែលជឿជាក់លើ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ លទ្ធផលផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថាអត្រាប្រជាជនដែលបានចូលរួមបោះឆ្នោតមានកម្រិតខ្ពស់រហូតដល់ ៨៣.០២ភាគរយ»។
ការចេញសេចក្តីថ្លែងការណ៍ចូលរួមអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ សហជីពធំៗទាំង៤៖