(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង និងសាលាក្រុងអានសាន នៃប្រទេសកូរ៉េខាងត្បូង សន្យានឹងបន្ដកិច្ចសហការគ្នា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌ នៃប្រទេសទាំងពីរ និងការគាំពារដល់សហគមន៍ខ្មែរ ដែលរស់នៅទីក្រុងអានសាន នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
ការសន្យាបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោក ប្រធានមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេស នៃទីក្រុងអានសាន និងបានផ្ដល់សម្លៀកបំពាក់ប្រពៃណី ក្នុងពិធីមង្គលការចំនួន២ឈុត ជូនមជ្ឈមណ្ឌលវប្បធម៌នៃទីក្រុងអានសាន ដើម្បីទុកតាំងបង្ហាញ។
បន្ថែមពីនេះ លោកឯកអគ្គរាជទូត បានស្នើដល់អភិបាលក្រុងអានសាន ដើម្បីពិនិត្យលទ្ធភាព ក្នុងការបង្កើតចំណងមិត្តភាព ជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀត ក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកអភិបាលក្រុងរីករាយ ហើយថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ហើយសន្យានឹងយកសំណើរនេះ មកពិនិត្យពិភាក្សា នឹងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរាជធានី-ខេត្ត ដែលមានសម្ព័ន្ធមិត្ត ជាមួយនឹងសាធារណរដ្ឋកូរ៉េដូចជា៖ រាជធានីភ្នំពេញ បានចងសម្ព័ន្ធភាព ជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ហើយខេត្តសៀមរាប បានចងសម្ព័ន្ធភាព ជាមួយនឹងទីក្រុងស៊ូវ៉ុន ហើយសមិទ្ធិផលផ្លែផ្កាជាវិជ្ជមាន នៃចំណងមិត្តភាព ក៏បាននឹងកំពុងរីកដុះដាលជាបន្ដបន្ទាប់៕