(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកែច្នៃបុកជាមួយរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៥០នាទី ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦២ក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុ គេឃើញគោយន្តកែច្នៃបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង គោយន្តកែច្នៃនោះ បានឡើងវ៉ាជែង និងគោយន្តកន្ត្រៃមួយគ្រឿងទៀត តែវ៉ាមិនផុតក៏ត្រូវរថយន្តដែលបើកមកពីមុខបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល៤នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែជាអកុសលស្រីម្នាក់ទៀត បានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ដូច្នេះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ គឺស្លាប់៣នាក់ របួសធ្ងន់២ និងរបួសស្រាល១នាក់។
លោកអធិការស្រុក បានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះទី១ឈ្មោះ សួង ស៊ីង ភេទប្រុស អាយុ៤៦ឆ្នាំ ជាតៃកុងបើកបរគោយន្តកែច្នៃ (ស្លាប់និងកន្លែង), ទី២ឈ្មោះ មុន មុន្នី ភេទស្រី អាយុ៤៣ឆ្នាំ ជាប្រពន្ធ (ស្លាប់នៅមន្ទីរពេទ្យ), ទី៣ ក្មេងស្រីមិនស្គាលឈ្មោះស្លាប់នៅនិងកន្លែងជាកូន និងកូនស្រីម្នាក់ទៀត រងរបួសស្រាល។ ដូច្នេះមួយគ្រួសារដែលជិះគោយន្តកែច្នៃដើរលក់ឥវ៉ាន់ មានសមាជិក៤នាក់ គឺស្លាប់៣នាក់ របួសស្រាលម្នាក់ មានទីលំនៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដោយឡែក អ្នកបើកបររថយន្តមានឈ្មោះ សិប ធី ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2.0.2649 និងអ្នករួមដំណើរ២នាក់ទៀត ដែលមិនទាន់ស្គាល់ឈ្មោះ ក៏រងរបួសធ្ងន់ផងដែរ។
ក្រោយការវាស់វែងរួច សមត្ថកិច្ចបានស្ទូចរថយន្ត និងគោយន្តកែច្នៃ យកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ចំណែកសាកសពជនរងគ្រោះយកទៅតម្កល់ទុក នៅវត្តតាកឹងដើម្បីរង់ចាំសាច់ញាតិមកចាត់ចែង ធ្វើបុណ្យជូនតាមប្រពៃណី៕