(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្លឹបកំសាន្ដ «ស្កាយឡាញ» ដោយឃាត់ខ្លួនបានជនសង្ស័យ៥៣នាក់ ក្នុងនោះមានខ្មែរ២៤នាក់, ជនជាតិចិន១០នាក់, ឥណ្ឌូនេស៊ី១៧នាក់ និងកូរ៉េ២នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងចាប់តាំងពីម៉ោង០១៖៤៥នាទី រហូតដល់ម៉ោង៥ទាបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិទ្រង់ទ្រាយធំបង្ក្រាបករណីគ្រឿងញៀន ក្នុងរង្គសាលស្កាយឡាញ ឃាត់ខ្លូនមនុស្ស៥៣នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូហ្គោដិនស៊ី និងតុងហ្វាងមិនជូ ព្រមទាំងពលរដ្ឋខ្មែរចំនួន២៤នាក់ និងដកហូតបានថ្នាំញៀន ខេតាមីន និងអិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសម្រាប់លាយជាមួយទឹក៤ដប។ ក្រោយពេលពេលធ្វើតេស្ដអ្នកទាំងអស់ មានផ្ទុកសារធាតុថ្នាំញៀន។
សមត្ថកិច្ចដែលបានចុះទៅបង្ក្រាបផ្ទាល់ បានប្រាប់ថា ពេលឆ្មក់ចូលឆែកឆេរ អ្នកទាំងនោះកំពុងប្រើប្រាស់ជាក់ស្តែងតែម្តង ហើយបុរសម្នាក់ក្នុងចំណោមមនុស្ស៥៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងនោះ បានទិញក្នុងរង្គសាលនោះតែម្តង។
យ៉ាងណាមិញ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញគ្រប់ផ្នែក ចុះស្រាវជ្រាវបង្ក្រាបដោយសហការជាមួយព្រះរាជអាជ្ញាឲ្យដូចភ្លៀងរលឹម មិនលើកលែងជាដាច់ខាត៕