(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការគាំទ្រ និងទទួលស្គាល់លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍គាំទ្រ និងទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៦ ដែលបង្ហាញថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។ ជាពិសេសការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន គោរពច្បាប់ គ្មានការបង្ខិតបង្ខំ គ្មានហិង្សា ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ ស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត។
សម្រាប់លទ្ធផលផ្លូវការនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ដោយទទួលបានអាសនៈចំនួន១២៥ គ្រប់គ្រងសភាទាំងមូលតែម្តង។ ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា៖