(ភ្នំពេញ)៖ ភ្លាមៗក្រោយពីទទួលបាននូវសារអបអរសាទររបស់លោក ស៊ី ជិនពីង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តចិន និងលោក លឺ ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ញើសារអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូនចំពោះលោក ស៊ី ជិនពីង និងលោក លឺ ខឺឈាង ជាមួយលិខិតដាច់ដោយឡែកពីគ្នា។
នៅក្នុងលិខិតថ្លែងអំណរគុណលោក ស៊ី ជិនពីង បានសរសេររៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានទទួលនូវសារអបអរសាទររបស់ឯកឧត្តម តែក្នុងពេលដ៏ខ្លី ក្រោយពីឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះដ៏លើសលុបក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ខ្ញុំសូមសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលមិនត្រឹមតែផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជូនក្រុមអ្នកសង្កេតការណ៍ធំបំផុតជាងពេលមុនៗមកធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះនៅប្រទេសខ្ញុំ»។
ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តសហការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីជម្រុញការផ្លាស់ប្តូរប្រាស្រ័យទាក់ទងគ្នារវាងគណបក្ស និងគណបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន ហើយនឹងបន្តលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព និងវិបុលភាពរួមនៅក្នុង និងក្រៅតំបន់របស់យើង»។
ដោយឡែកនៅក្នុងលិខិតថ្លែងអំណរគុណចំពោះលោក លឺ ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន, សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ខ្ញុំបានទទួលដោយអំណរគុណយ៉ាងជ្រាលជ្រៅ នូវសារអបអរសាទររបស់ឯកឧត្តម ផ្ញើជូនដល់ខ្ញុំ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះក្នុងការបោះឆ្នោត ជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយសុខសន្តិភាព សេរី មានសណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព»។
«ខ្ញុំសូមឆ្លៀតឱកាសនេះដែរ សម្តែងនូវការអរគុណជាអនេកប្បការចំពោះរដ្ឋាភិបាល ដែលបានផ្តល់ជំនួយយ៉ាងច្រើន រួមចំណែកដ៏ធំធេងដល់ការរៀបចំដំណើរការបោះឆ្នោត ដោយជោគជ័យហើយថែមទាំងបានបញ្ជូនក្រុមអ្នកសង្កេតការណ៍ធំបំផុតជាងពេលមុនៗ មកធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះនៅប្រទេសកម្ពុជា»។
ខាងក្រោមជាលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោក ស៊ី ជិនពីង និងលោក លី ខឺឈាង៖