(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាឯករាជ្យលើកទី៧២ របស់សាធារណរដ្ឋឥណ្ឌា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី ម៉ានីកា ជេន បានលើកឡើងនូវការប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងរឹតចំណងមិត្តភាពការទូតរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែជិតស្និទ្ធផងដែរ។
ទិវាឯករាជ្យនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីទេសរដ្ឋមន្ត្រី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីនៃបណ្ដាក្រសួង ថ្នាក់ដឹកនាំមន្ត្រីរាជការ ឯកអគ្គរាជ/រដ្ឋទូតមួយចំនួន រួមទាំងតំណាងអង្គភាព-ស្ថាប័នជាច្រើនកុះករផងដែរ។ នៅចំពោះមុខតំណាងរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ានីកា បានលើកឡើងថា ជាច្រើនឆ្នាំមកនេះ ឥណ្ឌាបានរកឃើញមិត្តល្អម្នាក់នៅអាស៊ីអាគ្នេយ៍ នោះគឺកម្ពុជា។ ទំនាក់ទំនងរបស់ឥណ្ឌាជាមួយកម្ពុជា ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលត្រូវបានលើកកម្ពស់នៅក្នុងសម័យទំនើប តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ និងតាមរយៈគំនិតផ្តួចផ្តើមជាច្រើន។
លោកស្រីបន្តថា រដ្ឋាភិបាលឥណ្ឌាបានប្តេជ្ញាចិត្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ពិសេសនៅឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅទស្សនាប្រទេសឥណ្ឌា នៅខែមករា ឆ្នាំ២០១៨ និងបន្ទាប់មកដោយការធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា នៅខែឧសភា ឆ្នាំ២០១៨ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅខែមិថុនា ឆ្នាំ២០១៨ មកកាន់ប្រទេសកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងពិសេសមួយ ត្រូវបានធ្វើឡើងដោយឥណ្ឌា និងកម្ពុជានៅឆ្នាំ២០១៨នេះ រួមមាន៖ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជនិងប្រជាជន ជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ការតភ្ជាប់ឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម ការកសាងសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលនានា នៅក្រោមកម្មវិធីបណ្តុះបណ្តាលរបស់ឥណ្ឌា។ ផែនការបច្ចេកទេសសេដ្ឋកិច្ច និងកម្មវិធីអាហារូបករណ៍ គម្រោងផលប៉ះពាល់រហ័ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍ និងទំនាក់ទំនងជាមួយយុវជនកម្ពុជា។
លោកស្រីបញ្ជាក់ថា «ពាណិជ្ជកម្មឥណ្ឌាឥឡូវនេះ កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើវិនិយោគទុននៅកម្ពុជា ហើយក៏កំពុងស្វែងរកឱកាសអាជីវកម្មផ្សេងទៀតផងដែរ»។ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានផ្តោតសំខាន់លើការកសាងសមត្ថភាពនៅកម្ពុជា ប្រតិបត្តិការដោះមីន និងតម្រូវការផ្សេងទៀតរបស់ក្រសួងការពារជាតិកម្ពុជា។
ចំពោះការស្ដារ និងអភិរក្សកេរដំណែលវប្បធម៌របស់កម្ពុជា ឥណ្ឌាកំពុងបន្តអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលជាគម្រោងស្មុគ្រស្មាញបំផុត ហើយត្រូវបានប្តេជ្ញាថែមទៀតក្នុងការជួសជុលប្រាសាទព្រះវិហារឡើងវិញ។ ក្រៅពីនេះនៅមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ដែលឥណ្ឌាបាននិងកំពុងសហការជាមួយកម្ពុជា។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា-ឥណ្ឌា បានភ្ជាប់ចំណងទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៥២ ឬអាចនិយាយបានចាប់ផ្តើមតាំងពីសម័យអង្គរមកម្ល៉េះ។ នៅពេលកម្ពុជាស្ថិតក្នុងដំណាក់កាលដ៏លំបាក បន្ទាប់ពីរបបប្រល័យពូជសាសន៍ ឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យដំបូង ដែលបានផ្តល់ជំនួយដល់កម្ពុជា។
លោកបានគូសបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីញ៉ូដេលី កាលពីដើមឆ្នាំនេះ កម្ពុជា-ឥណ្ឌាបានពង្រឹង និងពង្រីកចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការកាន់តែជិតសិ្នទ្ធនៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យការពារជាតិ ពាណិជ្ជកម្ម និងវិស័យថាមពល
ស្របពេលដែលប្រទេសទាំងពីរកំពុងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងក្នុងវេទិកាពហុភាគី។
សូមជម្រាបថា ក្រោមការដឹកនាំតស៊ូរបស់លោក មហាត្មៈ គន្ធី ឥណ្ឌាបានទទួលបានឯករាជ្យភាពជាផ្លូវការពីចក្រភពអង់គ្លេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៦ បន្ទាប់ពីបានស្ថិតក្រោមការត្រួតត្រារបស់អាណានិគមអង់គ្លេស អស់រយៈពេលជិត២០០ឆ្នាំ៕
http://image.freshnewsasia.com//fn-2018-08-15-22-44-27-2.JPG
http://image.freshnewsasia.com//fn-2018-08-15-22-44-28-6.JPG