(បុរីរម្យ)៖ ទោះបីជាស្ថានភាពផ្លូវពោរពេញដោយឧបសគ្គលំបាកច្រើន ហើយឆ្ងាយជាងម្សិលមិញយ៉ាងណាក្ដី ក៏កីឡាករកម្ពុជានៅតែរក្សាបានពិន្ទុខ្ពស់ក្នុងការប្រណាំងរថយន្តសម្រាប់ថ្ងៃទី២ នៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ដែលចេញដំណើរពីខេត្តប្រាជិនបុរី (កាប៉ីនបុរី) ឆ្ពោះមកកាន់ខេត្តបុរីរម្យ ប្រទេសថៃ។
គួរជម្រាបជាថ្មីថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 នេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣ ប្រចាំតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីខេត្តប្រាជិនបុរី ប្រទេសថៃ នាថ្ងៃទី១៣ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខ។
ការប្រកួតថ្ងៃនេះចម្ងាយផ្លូវរហូតជាង៣០០គីឡូម៉ែត្រ ដោយចេញដំណើរពីខេត្តប្រាជិនបុរី ឆ្ពោះមកកាន់ខេត្តបុរីរម្យ ប្រទេសថៃ។
អ្នកបើកបររថយន្តកម្ពុជាបានអះអាងថា ថ្ងៃទី២នៃការប្រកួត Asia Cross Country Rally 2018 ពួកគេនៅតែរក្សាបាននៅពិន្ទុខ្ពស់ ទោះបីជាស្ថានភាពផ្លូវកាន់តែលំបាកក៏ដោយ។
លោក ហូ សិទ្ធិគុណ បានឲ្យដឹងថា ថ្ងៃនេះផ្លូវមានការលំបាកខ្លាំង តែលោកនៅតែមានសង្ឈឹមថានឹងទទួលបានពិន្ទុល្អដូចកាលពីម្សិលមិញ។ សម្រាប់ថ្ងៃនេះ ជំនួយការបើកបរក៏បានបង្ហាញផ្លូវបានល្អ ដោយមិនវង្វេងខុសគោលដៅនោះទេ ប៉ុន្តែជួបបញ្ហាប៉ះពារបន្តិចបន្ទួច ដោយសាតែផ្លូវហុយខ្លាំងពេក។
ពាក់ព័ន្ធនឹងលទ្ធផលដែលក្រុមរថយន្តកម្ពុជាទទួលបានជោគជ័យក្នុងការប្រណាំង រយៈពេល២ថ្ងៃនេះ ក៏ដោយសារមានការរួមចំណែកយ៉ាងសំខាន់ពីក្រុមជាងរបស់ក្លឹប KARA ក្នុងការផ្តល់សេវាជួសជុលអំឡុងពេលប្រកួត និងក្រោយពេលប្រកួតយ៉ាងយកចិត្តទុកដាក់។
លោក ជីវ័ន្ត បូរិន ប្រធានក្រុមជាង បានលើកឡើងថា ការចូលរួមយ៉ាងសស្រាក់សស្រាំបែបនេះ ព្រោះចង់ឲ្យកម្ពុជាទទួលបានជោគជ័យពីព្រឹត្តិការណ៍ប្រណាំងកម្រិតអាស៊ីមួយនេះ។
សូមបញ្ជាក់ថា សម្រាប់លទ្ធផលថ្ងៃទី២នេះ ប្រភេទរថយន្តសាំងលេខ១បានលើកីឡាករ ហូ សិទ្ធគុណ លេខ២បានលើកីឡាករ វង្ស គីហួត ជាកីឡាករកម្ពុជា ខណៈលេខ៣បានលើកីឡាករជប៉ុន។ ចំណែកឯប្រភេទរថយន្តម៉ាស៊ូតពីលេខ១ដល់៣វិញ សុទ្ធជាកីឡាករថៃ៕