(ភ្នំពេញ)៖ ភាពសុខសាន្តក្រោយថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ មិនត្រឹមតែធ្វើឲ្យការប្រកបរបររកស៊ី និងការវិនិយោគនៅកម្ពុជាបន្តរក្សាបាននូវប្រក្រតីភាពនោះទេ សូម្បីតែក្នុងវិស័យការងារកាត់ដេរក៏នៅតែបន្តរក្សាបានភាពល្អប្រសើរផងដែរ។

កម្មការិនីម្នាក់ដែលកំពុងបំពេញការងារនៅរោងចក្រដេរខោខូវប៊យក្នុងខណ្ឌឫស្សីកែវ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះថា រោងចក្ររបស់អ្នកស្រីនៅតែមានការងារធ្វើជាធម្មតា ហើយសម្បូរជាងមុនថែមទៀតផង។

កម្មការិនីរូបនេះ ក៏បានបង្ហាញការពេញចិត្តចំពោះការបោះឆ្នោតនៅឆ្នាំ២០១៨ផងដែរ ដែលមានស្ថានភាពខុសគ្នាឆ្ងាយបើធៀបជាមួយការបោះឆ្នោតនៅឆ្នាំ២០១៨។ ពេញចិត្តក៏ដោយសារតែកម្មការិនីរូបនេះ មើលឃើញថា ការបោះឆ្នោតនៅឆ្នាំនេះមានសណ្តាប់ធ្នាប់ល្អប្រសើរ មានសភាពស្ងប់ស្ងាត់ល្អ មិនមានភាពរញ៉េរញ៉ៃដូចឆ្នាំ២០១៣នោះឡើយ។

កម្មការិនីរូបនេះ ក៏បានអះអាងដែរថា កាលពីឆ្នាំ២០១៣ ក្រោយពេលបោះឆ្នោតការងារមិនរៀងខ្សត់ថែមទៀតផង មិនដូចឆ្នាំ២០១៨នេះឡើយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិនៅតែមានអត្រាខ្ពស់នៅក្នុងឆ្នាំ២០១៨នេះ។ បើតាមលោករដ្ឋមន្ត្រី រយៈពេល៦ខែឆ្នាំ២០១៨នេះ កម្ពុជាបាន​នាំចេញ​សម្លៀកបំពាក់បានចំនួន ៤,១៤៣​លាន​ដុល្លារ កើនឡើង ១១​ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

ជាបន្តសូមស្តាប់ការបញ្ជាក់របស់កម្មការិនីរូបនេះ៖