(ភ្នំពេញ)៖ តាមរយៈស្ពតវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គម (Facebook Page វគ្គបំប៉ន Bacii រាជធានីភ្នំពេញ) និងគេហទំព័រ www.baciiuyfc.org ដែលបានចុះផ្សាយអំពី «ចំណាប់អារម្មណ៍ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំពោះវគ្គបំប៉ន ត្រៀមប្រឡង (BACII) នៅរាជធានីភ្នំពេញ» លោកគ្រូ-អ្នកគ្រូ ដែលបានចូលរួមក្នុងវគ្គបំប៉ននេះ បានសម្តែងការសប្បាយរីករាយ ពីការរៀបចំវគ្គបំប៉ននេះ ដោយយល់ថាវគ្គបំប៉ននេះសារៈសំខាន់ខ្លាំងចំពោះសិស្សានុសិស្ស។
ជាការដាស់ស្មារតីពួកគាត់ឱ្យខិតខំ និងងាកមករៀនសូត្រឱ្យកាន់តែខ្លាំង និងក៏ដូចជាពង្រឹងសមត្ថភាពរបស់កូនសិស្សពិសេសផ្តល់ឱកាស ឱ្យសិស្សមានពេលវេលាសម្រាប់រំលឹកមេរៀន ដែលបានរៀនតាំងពីដើមឆ្នាំមក ដែលជាទុនសម្រាប់សិស្ស ទៅប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។
ទទ្ទឹមនឹងនេះ សិស្សដែលបានចូលរួមវគ្គបំប៉ននេះ ក៏បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈការផ្តល់វគ្គបំប៉ននេះ ហើយចាត់ទុកថាវគ្គបំប៉នបាក់ឌុបនេះ គឺជាឱកាសសម្រាប់ ឱ្យពួកគាត់ទទួលបានការពង្រឹងសម្ថភាព ក្នុងការប្រឡងកាន់តែខ្ពស់ជាងមុន ព្រមទាំងបង្កើនជំនឿទុកចិត្តលើខ្លួនឯងថានឹងប្រឡងជាប់ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ជាមួយការទទួលបាននិទ្ទេសល្អ។
សូមបញ្ជាក់ ក្នុងឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំវគ្គបំប៉នបាក់ឌុប ផ្តល់ឱកាសឱ្យសិស្សចំនួន ជាង៨ពាន់នាក់ នៅតាមបណ្តាវិទ្យាល័យទាំង៣៤ នៅរាជធានីភ្នំពេញ បានចូលរួមវគ្គបំប៉ន។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសូមថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ពិសេសលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់យុវជន ក៏ដូចជាសិស្សានុ-សិស្សជំនាន់ក្រោយ ហើយក៏បានបង្កើតកម្មវិធីវគ្គបំប៉ននេះ ដែលមានតាំងពីឆ្នាំ២០១៤មកម្ល៉េះ៕