(សៀមរាប)៖ ក្រុមតន្ត្រីយសោធរបុរៈ បានរៀបចំខ្លួនរួចរាល់ហើយ សម្រាប់ការបង្ហាញស្នាដៃតន្ត្រីបុរាណនិពន្ធទំនុកភ្លេងថ្មីរបស់ពួកគេ នៅល្ងាចថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលបេតិកភណ្ឌ នៅក្នុងបរិវេណវត្តរាជបូព៌ ខេត្តសៀមរាប រយៈពេល១ម៉ោង ចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។ ការបង្ហាញស្នាដៃតន្ត្រីបុរាណនិពន្ធទំនុកភ្លេងថ្មីពីសំណាក់ក្រុមន្ត្រីយសោធរបុរៈនេះ គឺបងប្អូនប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី។
លោក ផន ចំរើន ជាប្រធានដឹកនាំក្រុមតន្ត្រីយសោធរបុរៈ ដែលបានបង្កើតមានរយៈពេលជិត២ឆ្នាំមកហើយនោះ បានបង្ហើបប្រាប់ពីការត្រៀមខ្លួនសម្តែងទំនុកភ្លេងបុរាណនិពន្ធថ្មីនេះថា៖ «ក្រុមយើងនឹងប្រើពេលវេលា១ម៉ោង ដើម្បីលេងឧបករណ៍ភ្លេង ដែលយើងបាននិពន្ធទំនុកភ្លេងបុរាណថ្មីចំនួន១១បទ ចែកជូនបងប្អូនមហាជនខ្មែរ ជាពិសេសក្រុមយុវជនខ្មែរ នៅសម័យក្រោយឲ្យបានស្គាល់ និងស្វែងយល់ពីទម្រង់ក្រុមតន្ត្រីបុរាណកែច្នៃថ្មីមួយនេះ ដែលជាការបង្ហាញដំបូងរបស់ក្រុមពួកយើងដោយមានគ្នាចំនួន៧នាក់»។
ប្រធានដឹកនាំក្រុមតន្ត្រីយសោធរបុរៈរូបនេះ បន្តឲ្យដឹងពីការសម្រេចដាក់ឈ្មោះក្រុមតន្ត្រីបុរាណបង្កើតទំនុកភ្លេងថ្មី និងគោលបំណងនៃការបង្កើតក្រុមនេះដែរថា៖ «ដោយសារក្រុមពួកយើងនៅតំបន់ខេត្តសៀមរាប ហើយចង់ដាក់ឈ្មោះណា ដែលមានមូលដ្ឋានបញ្ជាក់ពីអត្តសញ្ញាណនៃទីកន្លែងដូចជាចាស់ៗ កាលពីសម័យមុនធ្វើដែរ ដូច្នេះហើយក៏បានសម្រេចយកដាក់ថា ក្រុមតន្ត្រីយសោធរបុរៈនេះទៅ ព្រោះទីនេះជាអតីតទីតាំងនៃរាជធានីសម័យបុរាណ»។
តន្រ្តីករបុរាណរូបនេះ បានបន្តថា «ក្រុមយើងបានបង្កើតឡើងមានរយៈពេលជិត២ឆ្នាំទៅហើយ ខណៈបច្ចុប្បន្ននេះយើងមានសមាជិកទាំងចាស់ និងថ្មីសរុបជាង១០នាក់ ខណៈការសម្តែងនៅថ្ងៃអាទិត្យនេះ គឺយើងមានសមាជិកបង្ហាញតែ៧នាក់ទេ ដោយមានសមាជិកស្រីចំនួន៣នាក់»។
លោក ចំរើន បានបន្ថែមថា គោលបំណងធំនៃការបង្កើតក្រុមតន្ត្រីនេះ ឡើងដោយចង់ធ្វើការរិះរកច្នៃគំនិតថ្មីលើការបង្កើតការនិពន្ធទំនុកភ្លេងថ្មីដែលយកមូលដ្ឋានទំនុកភ្លេងបុរាណមានស្រាប់ ដើម្បីឲ្យមានភាពប្លែកថ្មី និងបត់បែនតាមបរិបទនៃសង្គម។
លោក ចំរើន បញ្ជាក់ថា «យើងយល់ឃើញថា កាលណាបងប្អូនខ្មែរយើង ជាពិសេសយុវជនខ្មែរសម័យនេះ នៅពេលឮថា ក្រុមភ្លេងបុរាណគឺមិនសូវជាមានការចាប់អារម្មណ៍នោះឡើយព្រោះតែមានការយល់ថា គ្មានអ្វីថ្មី។ ដូច្នេះហើយបានយើងយកទំនុកភ្លេងបុរាណមកកែកុននូវចំណុចខ្លះៗ គឺយើងអត់បានបំបាត់ចោលទម្រង់ដើមនោះឡើយ តែពេលស្តាប់ទៅគឺមានអារម្មណ៍ថាវានឹងខុសប្លែកពីទំនុកចាស់»។
ដោយឡែកឧបករណ៍ភ្លេងរបស់ក្រុមតន្ត្រីនេះ ក៏មានលក្ខណៈចម្រុះគ្នាផងដែរ ដែលបំប្លែងជាក្រុមថ្មីនេះ។ លោក ផន ចំរើន បញ្ជាក់ថា៖ «ឧបករណ៍ភ្លេងនៃក្រុមតន្ត្រីយើងនេះវិញមានច្រើនដោយជាអាទិ៍មាន រនាតឯក ស្គរដៃ ស្គរធំ តាខេ ឃឹម គង ចាប៉ីដងវែង ស្រឡៃ ប៉ីអ ខ្លុយ ខ្សែរដៀវ គងពាទ្យ ទ្រអ៊ូនិងទ្រសោជាដើម។ ចំណោមបទភ្លេងបុរាណកែទំនុកថ្មីទាំង ១១ បទនេះ យើងក៏បានបែងចែកជាប្រភេទបទនៃការប្រគំលេងដែរគឺជាបទដែលលេងសម្រាប់ឡើងអារក្ស លេងក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេង។ កាន់តែពិសេសនោះ យើងក៏មានបទភ្លេងថ្មីប្រភេទមានលក្ខណៈជាការប្រគំភ្លេងបង្ហាញពីអារម្មណ៍របស់តន្ត្រីករ ដែលកាន់ឧបករណ៍នីមួយៗទៀតផង»៕