(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ។
លោក វ៉ី សំណាង បានថ្លែងថា ការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលបានបន្ដទៀតថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាល ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឲ្យទាន់ពេលវេលា និងតាមនីតិវិធីសាមញ្ញ។ ការិយាល័យនេះរួមមាន ផ្នែកជួរមុខ សម្រាប់ផ្តល់ព័ត៌មានទទួល និងប្រគល់ឯកសារ និងផ្នែកជួរក្រោយ ដែលរួមមានមន្ត្រីជំនាញ ដែលបញ្ជូនមកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ តាមវិស័យនានាដែលបានធ្វើប្រតិភូកម្មមកឲ្យរដ្ឋបាលខេត្ត ដើម្បីមកបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ។
រីឯការិយាល័យប្រជាពលរដ្ឋ មានបេសកកម្មធ្វើឲ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយ បង្កើនភាព ពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលខេត្ត រួមទាំងបង្កើនការចូលរួម និងផ្តល់ឱកាសជូនប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក។
លោក វ៉ី សំណាង ក៏បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលមន្ទីរជំនាញបញ្ជូនឲ្យមកបំពេញការងារនៅក្នុងច្រកនេះ ត្រូវយកចិត្តទុកដាក់ធ្វើការងារបានល្អ ដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើកការផ្តល់សេវាសាធារណៈរបស់រដ្ឋ៕