(ភ្នំពេញ)៖ សមាគមតន្ត្រីសំនៀងជនពិការរបស់ លោក ចាប តូ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទទួលបានថវិកាជាង ៥០០ដុល្លារបន្ថែមទៀត ពីសប្បុរសជននានា ដើម្បីផ្គត់ផ្គង់ដល់ការសាងសង់អគារស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗដល់ជនពិការ។

ថវិកាទាំងនោះបានមកពី៖ ក្រុមយុវជនអាកាសស៉ីវិលចំនួន ៤០០,០០០រៀល និងលោក ស្រី សុទ្ធសុវណ្ណដា មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដែលបានកៀរគរពីសប្បុរសជនចំនួន ៥០០,០០០រៀល និងស្បៀងអាហារមួយចំនួនទៀត សរុបជាងថវិកាជាង ៥០០ដុល្លារអាមេរិក។

នៅក្នុងពិធីសំណេះសំណាលជាមួយជនពិការ នៅសមាគមតន្ត្រីសំនៀងជនពិការនាព្រឹកមិញនេះ លោក​ ចាប តូ បានឲ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ កាលពីរសៀលថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៨ ទ្រង់បានប្រទានព្រះរាជទ្រព្យ ១១,០០០ដុល្លារអាមេរិក ដល់សមាគមតន្ត្រីសំនៀងជនពិការភ្នែក។ ក្រៅពីព្រះរាជទ្រព្យចំនួន ១១,០០០ដុល្លារអាមេរិកនោះ សម្តេចម៉ែក៏បានប្រទានបន្ថែមទៀត រួមមាន៖ ថ្នាំពេទ្យចំនួន១កេស, អង្ករ៥បាវ (១បាវស្មើនឹង៥០គីឡូក្រាម) និងសាប៊ូម្សៅ២កេស (១កេសស្មើនឹង៤០កញ្ចប់)ផងដែរ។

លោក ចាប តូ បានថ្លែងបន្តថា កាលពីពេលថ្មីៗនេះ សមាគមតន្ត្រីសំនៀងជនពិការភ្នែក ក៏បានទទួលព្រះរាជទ្រព្យពីសម្តេចយាយចំនួន ២៥,០០០ដុល្លារអាមេរិក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៨០,០០០ដុល្លារអាមេរិក ដើម្បីទិញដីសាងសង់ មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការ។

គម្រោងសាងសង់អគារស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗដល់ជនពិការនេះ គ្រោងចំណាយថវិកាប្រមាណ ២០០,០០០ដុល្លារអាមេរិក ហើយក្រៅពីព្រះរាជអំណោយ របស់សម្តេចយាយ និងការឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចទៅ ការសាងសង់កន្លែងស្នាក់នៅនេះ ក៏មានចូលរួមឧបត្ថម្ភពីសប្បុរសជននានា ជាច្រើនរូបផងដែរ ដែលលោកសង្ឃឹមថា អគារនេះនឹងសាងសង់រួចឆាប់ៗ នាពេលខាងមុខដ៏ខ្លីនេះ។

បើតាមលោក ចាប តូ កន្លងមកនេះសមាគមបានជួលផ្ទះគេស្នាក់នៅជាក្រុម ទទួលទានរួមគ្នា ចំណូលបានមកពីការចេញប្រគុំតន្ត្រីតាមរាជធានី/ខេត្ត ដោយប្រើឧបករណ៍ភ្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឲ្យសមាគមគិតជាតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ក្នុងន័យនេះ លោក ចាប តូ សូមថ្លែងអំណរអរព្រះគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចយាយ,​ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ ដែលបានព្រះរាជប្រទាន និងជួយដល់សមាគមរបស់លោក។

បុរសពិការភ្នែករូបនេះ សូមក្រាបថ្វាយព្រះពរ និងជូនពរដល់សម្តេចយាយ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ សូមមានព្រះជន្ម និងអាយុជាងរយវស្សា និងសូមថ្វាយព្រះពរព្រះកាយពលពលមាំមួន និងសុខភាពល្អបរិបូណ៌ជានិច្ច។

សូមជម្រាបថា សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ ដោយលោក ចាប តូ ដែលជាជនពិការភ្នែកមើលមិនឃើញ។​ សមាគមនេះមានទីតាំងស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ។

អគារស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការ កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជារាងអក្សរ L មាន១ជាន់ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន១៥ ហើយអគារអាចផ្ទុកមនុស្សស្នាក់នៅបាន ៦០ទៅ៨០នាក់។ បើតាមគម្រោងដែលបានគ្រោងទុក អគារនេះមានបន្ទប់ជំនាញចំនួន ៤បន្ទប់ សម្រាប់បង្រៀនចម្រៀងសម័យ ភ្លេងនិងចម្រៀងបុរាណ ព្រមទាំងមានបន្ទប់ម៉ាស្សា ចង្រ្កានបាយ រោងបាយរូម ឆាកសម្តែង កន្លែងទទួលភ្ញៀវមកទស្សនកិច្ចជាដើម។

អគារខាងលើសង់រួចរាល់ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជនពិការភ្នែក មិនមែនតែក្នុងមណ្ឌលនេះទេ តែជនពិការនៅតាមបណ្តាខេត្តក៏អាចមកស្នាក់នៅ និងរៀនហាត់ជំនាញដើម្បីរកចំណូលចិញ្ចឹមជីវិត បានផងដែរ៕