(សៀមរាប)៖ អ្នកជំនាញកសិកម្មជនជាតិចិន នៃគម្រោង Caproc របស់ក្រុមហ៊ុន FORWORD សហការជាមួយអាជ្ញាធរជាតិអប្សរា បានបង្រៀនពីរបៀបធ្វើស្រែឲ្យទទួលបានទិន្នផលខ្ពស់ ចំណេញពេល ប្រើពូជតិច និងកម្លាំងតិចដល់ប្រជាជនភូមិធម្មជាតិរុនតាឯក។
សកម្មភាពនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ខណៈនោះលោក XIE ZHI GAN អ្នកជំនាញដំណាំស្រូវបាននិយាយថា ការយកបច្ចេកទេសដាំស្រូវមកបង្រៀន ព្រោះស្រូវជាដំណាំដ៏ធំនៅកម្ពុជា ហើយប្រជាជនភាគច្រើនធ្វើតាមទម្លាប់បុរាណ ប្រើកម្លាំងមនុស្សនិងពូជច្រើន ហើយបានទិន្នផលតិច ដូច្នេះទើបក្រុមការងារមកចែករំលែកអំពីបទពិសោធន៍ ក្នុងការធ្វើស្រែដោយចំណាយពូជតិច ចំណេញពេល និងបានទិន្នផលខ្ពស់។
លោក XIE បានបន្តទៀតថា វគ្គសិក្សានេះបង្រៀនប្រជាជនអំពីការគ្រវែងសំណាប ការប្រើគ្រឿងយន្ត វិធីថែទាំ និងការការពារដំណាំស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ ហើយចំណេញពេល និងថវិកាថែមទៀត។ ចំពោះការគ្រវែងសំណាប វាពិតជាថ្មីសម្រាប់ប្រជាជនខ្មែរ តែវាងាយស្រួល លឿន និងបានផលបំផុត។
អ្នកស្រី សួត សាលី កសិករភូមិធម្មជាតិរុនតាឯក ដែលបានរៀនវគ្គបណ្តុះបណ្តាលអំពីដំណាំស្រូវបានលើកឡើងថា វគ្គសិក្សានេះថ្មី ប្លែកជាងអ្វីដែលអ្នកស្រីទៀតធ្លាប់ធ្វើកន្លងមកដោយប្រើកម្លាំងច្រើន ប្រើន័ង្គល ដែលចំណាយពេលច្រើន។ តែវគ្គនេះបង្រៀនដោយគ្រវែងសំណាប និងប្រើម៉ាស៊ីន វាងាយស្រួល ចំណេញពេល និងគួរឱ្យចាប់អារម្មណ៍ចង់សាកល្បង។ ក្រៅពីនោះ អ្នកស្រីក៏ចេះពីវិធីការពារ និងថែរក្សាស្រូវឱ្យបានល្អ ដឹងពីសត្វល្អិតណាមានប្រយោជន៍និងជាសត្វបំផ្លាញ ហើយត្រូវកម្ចាត់ដោយរបៀបណា។
លោក អ៉ឹង តុងអៀង អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា ដំណាំស្រូវជាវគ្គសិក្សាលើកទី១ សម្រាប់កសិករនៅភូមិធម្មជាតិរុនតាឯក។ តាមរយៈវគ្គសិក្សានេះ នឹងធ្វើឱ្យកសិករយល់ដឹងពីរបៀបដាំដុះ ការថែទាំ ការកម្ចាត់សត្វល្អិតចង្រៃ ការជ្រើសរើសពូជ និងមានជម្រើសក្នុងការសាកល្បងពីវិធីណាមួយ ដែលគាត់ចង់ធ្វើសម្រាប់ដំណាំស្រូវរបស់គាត់ឱ្យទទួលបានផលល្អ។
អាជ្ញាធរជាតិអប្សរា តែងតែស្វែងរកដៃគូសហការផ្សេងៗ អ្នកជំនាញកសិកម្មជាតិ-អន្តរជាតិ ដើម្បីមកផ្តល់ចំណេះដឹងដល់អ្នកភូមិ ធ្វើយ៉ាងណាឱ្យអ្នកភូមិមានជីវភាពល្អប្រសើរតាមរយៈការធ្វើកសិកម្ម និងលក់ដូរផលិតផលរបស់ខ្លួន៕