(ភ្នំពេញ)៖ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ 07-2-8989 ដែលយកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្ដស្ទួចឲ្យដឹកយករថយន្ដរបស់ខ្លួន ទៅទុកនៅផ្ទះវិញផ្អើលដល់សមត្ថកិច្ចចុះមកអន្ដរាគមន៍ ត្រូវបានគេស្គាល់អត្ដសញ្ញាណ និងការងារខ្លះហើយ ខណៈដែលទាំងរថយន្ដ និងកាំភ្លើងដែលសមត្ថកិច្ចដកហូតនោះ សុទ្ធតែគ្មានច្បាប់ទាំងអស់។

មន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានលួចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌឫស្សីកែវ លោក ហាស់ កំសាន្ដ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ថា ជនបង្ករូបនេះជាអតីតមន្ដ្រីអាវុធហត្ថ ហើយក្រោយមកក៏បានលាឈប់ពីក្របខ័ណ្ឌ នៃកងកម្លាំងប្រដាប់អាវុធមួយនេះ។

បើតាមមន្ដ្រីនគរបាលដដែល ចំពោះកាំភ្លើងដែលសមត្ថកិច្ចដកហូតបាន គឺជននេះបានទិញមកពីប្រទេសថៃ ហើយប្រើប្រាស់ទាំងគ្មានច្បាប់ទម្លាប់ឡើយ ខណៈ​រថយន្ដដែលយកស្លាកលេខរដ្ឋមកបំពាក់នោះ នាំចូលដោយគ្មានបង់ពន្ធអ្វីនោះទេ។ ហើយករណីនេះក៏ត្រូវបានសមត្ថកិច្ចលួចប្រាប់ថា ពាក់ព័ន្ធជាមួយមន្ដ្រីជាន់ខ្ពស់ម្នាក់ទៀតផង តែមិនបានប្រាប់អត្ដសញ្ញាណនោះទេ។

សូមបញ្ជាក់ថា ជនបង្ករូបនេះ និងបក្ខពួកចំនួន២នាក់ ​​នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ នេះបើតាមមន្ដ្រីនគរបាលខណ្ឌឫស្សីកែវ ថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ច ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ទ្រី ដារិន ភេទប្រុស ​អាយុ៣៨ឆ្នាំ ហៅហ៊ាពៅៗ មុខរបរកូនថៅកាប់ជ្រូក និងម្នាក់ទៀត ជាកម្មកសំណង់មានឈ្មោះ អ៊ុល ផានិត អាយុ២៥ឆ្នាំ ​មុខរបរកម្មករសំណង់ (ឃាត់យកមកសួរនាំនៅអធិការខណ្ឌ) ​ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបររថយន្តកូរ៉ូឡាមានឈ្មោះ ​ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ​៣០ឆ្នាំ មុខរបរកូនចៅ (ឃាត់យកមកសួរនាំនៅអធិការខណ្ឌ)​ ស្នាក់នៅ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ។ យ៉ាងណាក៏ដោយ អត្ដសញ្ញាណ និងតួនាទីរបស់ជនបង្ករូបនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការរបស់សមត្ថកិច្ចនៅឡើយទេ។

ជាមួយគ្នានេះ បើតាមអ្នករកស៊ីកាប់ជ្រូក បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News ថា ជនម្នាក់នេះជាមនុស្សដើរបោកគេជាច្រើនករណី និងជាមនុស្សម្នាក់ដែលឈ្លើយណាស់ មិនចេះខ្លាចរអារច្បាប់ទម្លាប់នោះឡើយ។ ដូច្នេះលើកនេះទំនងដល់ថ្ងៃអន្សារបស់រូបគេហើយ ដែលធ្លាប់ដើរបោកប្រាក់គេរាប់សិបម៉ឺនដុល្លារនាពេលកន្លងមក។

ម្ចាស់រថយន្ដរូបនេះ រួមជាមួយបក្ខពួក២នាក់ទៀត បានបើករថយន្ដមួយគ្រឿងទៀត តាមរថយន្ដស្ទួចរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលដឹករថយន្ដរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ និងបង់ផាកពិន័យនោះ បានដកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ឲ្យដឹករថយន្ដរបស់ខ្លួន យកទៅទុកនៅក្នុងផ្ទះ ដែលស្ថិតនៅផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ករណីដ៏ព្រហើននេះ ត្រូវបានផ្អើលរហូតដល់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យនគរបាលចរាចរណ៍ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា ចុះទៅយករថយន្ដដែលបង្ក និងបំផ្លាញទ្រព្យសម្បត្តិមួយគ្រឿងនេះ ព្រមទាំងចាប់វាយខ្នោះអ្នកបើករថយន្ដស៊េរីទំនើប និងបក្ខពួក ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដែលត្រូវចោទប្រកាន់ពីបទ ប្លន់យកវត្ថុតាង របស់សមត្ថកិច្ច៕

</p