(ភ្នំពេញ)៖ ​ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខខេង បានថ្លែងថា លោកសូមប្រកាសគាំទ្រប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន​ សែន ដែលចង់បង្កើតវេទិកាសន្ទនា ជាមួយគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក សេង សុខខេង បាន​ប្រកាសយ៉ាងដូច្នេះថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមគណបក្សសញ្ជាតិកម្ពុជា គាំទ្រប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតឲ្យមានទិវាពិភាក្សា ជាមួយគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោត​។ ព្រោះនេះជាជម្រើសល្អបំផុត ដែលអាចឲ្យគណបក្សដ៏ទៃផ្សេងទៀត អាចបញ្ជូលនូវគំនិតយោបល់ដើម្បីអភិវឌ្ឍន៍ប្រទេស​»

នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង​១ម៉ឺននាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ ​ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕