(សៀមរាប)៖ សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ មានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី ប៉ុន្តែទេសចរជាតិ-អន្តរជាតិភាគច្រើនបែរជារំលងទៅវិញ ដោយហេតុតែមិនសូវមានពេលវេលាគ្រប់គ្រាន់ និងមិនសូវមានអ្នកស្គាល់។
ដោយសារសម្លឹងឃើញបញ្ហានេះហើយទើបអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោង ACHA របស់ប្រទេសញូវហ្សឺឡែនខិតខំអភិរក្ស និងកែច្នៃត្រពាំងបុរាណមួយឈ្មោះថា «ស្រែព្រៃ» ឱ្យក្លាយជាសហគមន៍ទេសចរណ៍ដែលមានឈូករីករហង់ មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង លម្អដោយទឹកត្រពាំងថ្លាយង់ និងភ្នំដ៏ខៀវស្រងាត់នាទិសខាងកើត។ ទីនេះសាកសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ មានភាពស្ងប់ស្ងាត់ក្នុងការផ្ចង់អារម្មណ៍ មានម្ហូបអាហារជាស្នាដៃរបស់អ្នកស្រុក និងសកម្មភាពប្រពៃណីផ្សេងៗទៀត។
លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានឱ្យដឹងថា សហគមន៍បន្ទាយស្រី បង្កើតឡើងនៅឆ្នាំ២០១៣ មានសមាជិកសហគមន៍៣៥រូប គឺគណៈកម្មការចំនួន៦រូប និងសមាជិក ២៩រូប ឆ្លងកាត់តាមរយៈការបោះឆ្នោតជ្រើសតាំង។ ពួកគាត់ជាអ្នកភូមិមកពីភូមិបន្ទាយស្រី និងភូមិទួលក្រឡាញ់។
លោក កុសល បន្តថា គម្រោងនេះបង្កើតឡើងដើម្បីបង្កើនចំណូលបន្ថែមលើមុខរបរប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ហើយចង់ឃើញប្រជាជនទាំងពីរភូមិមានការរីកចម្រើនតាមរយៈសហគមន៍នេះ ដែលស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជនឱ្យល្អប្រសើរ។ បន្ថែមពីនោះ ក្រៅពីទាញប្រយោជន៍ពីសហគមន៍នេះ អាជ្ញាធរជាតិអប្សរា និងសហគមន៍ក៏បានរួមគ្នាអភិរក្ស ថែរក្សាជីវចម្រុះ មានត្រី សត្វស្លាប សត្វក្នុងទឹក រុក្ខជាតិ នៅក្នុងត្រពាំងបុរាណនេះមិនឱ្យមានការបាត់បង់ ឬទទួលរងនូវការបំផ្លាញឡើយ។ មិនតែប៉ុណ្ណោះ ក្រៅពីសមាជិកទាំង៣៥នាក់ ប្រជាជនចំនួនពីរភូមិនេះ ក៏ទទួលបានផលពីសហគមន៍ដោយប្រយោលផងដែរ តាមរយៈការផលិត សិប្បកម្មលក់ និងដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់សហគមន៍ និងលក់ជូនទេសចរ។
លោក ស៊ាម សារឿន ប្រធានសហគមន៍បន្ទាយស្រី បានឱ្យដឹងថា នៅទីនេះមានសេវាកម្មជិះទូកដែលពេញនិយមជាងគេ ជិះរទេះគោ ស្ទួចត្រី ស្ទូង ច្រូតស្រូវ និងការរៀបចំអាហារសាមគ្គីរបៀបអ្នកស្រុកបានចំនួន ១០០នាក់។ ទេសចរអាចមកកម្សាន្តទីនេះជាលក្ខណៈឯកជន គ្រួសារ និងជាក្រុមក៏បាន ដើម្បីស្វែងយល់ពីការរស់នៅរបៀបអ្នកស្រុក ជិះទូកលំហែកាយក្នុងត្រពាំង ថតរូបភាពស្អាតៗតាមចំណូលចិត្ត និងពិសាអាហារឆ្ងាញ់ៗ មានតម្លៃសេវាកម្មសមរម្យ។ សហគមន៍ទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវអឺរ៉ុប ចំណែកភ្ញៀវអាស៊ី ពួកគាត់មកត្រឹមថតរូបប៉ុណ្ណោះ។
លោកបន្តទៀតថា «តាំងពីចាប់ផ្តើមការងារបញ្ហាលំបាកខ្លះៗដែលជួបប្រទះ គឺនៅរដូវប្រាំង ព្រោះគ្មានទឹក ទេសភាពមិនស្អាត ចំណែកខែវស្សាមិនជាមានបញ្ហាទេ ដូច្នេះពួកយើងបានបង្កើនការផ្សព្វផ្សាយតាមមគ្គុទ្ទេសក៍ទេសចរណ៍ សណ្ឋាគារ និងតាមរយៈភ្ញៀវដោយផ្ទាល់ និងការពង្រីកទីតាំង បង្កើនការអភិរក្សសត្វបន្ថែមទៀតដើម្បីទាក់ទាញទេសចរ។ លោកបានសំណូមពរឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ សូមជួយណែនាំភ្ញៀវមកកាន់ទីនេះ ពិសេសភ្ញៀវជាតិសូមជួយគាំទ្រទេសចរណ៍សហគមន៍ ព្រោះវានឹងជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជនក្នុងតំបន់ និងរួមចំណែកក្នុងការអភិរក្សរមណីយដ្ឋានបុរាណផងដែរ»។
លោក ផានិត ជាអ្នកភូមិបន្ទាយស្រី បានចូលធ្វើការក្នុងសហគមន៍នេះរយៈពេល៤ឆ្នាំមកហើយ ដែលគាត់ជាអ្នកចែវទូក និងមានប្រពន្ធជាអ្នកធ្វើម្ហូបអាហារសម្រាប់ភ្ញៀវ។ លោកលើកឡើងថា «តាមរយៈទេសចរណ៍សហគមន៍ បានធ្វើឱ្យជីវភាពគ្រួសារខ្ញុំធូរធារជាងពីមុន មានលុយកាក់ផ្គង់ផ្គង់គ្រួសារសមរម្យ កូនចៅបានសិក្សារៀនសូត្រ និងមានការងារធ្វើបន្ថែមលើមុខរបរស្រែចម្ការ»៕