(ភ្នំពេញ)៖ លោក សុខសុវណ្ណវឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា លោកគាំទ្រប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលចង់បង្កើតវេទិកាសន្ទនាជាមួយគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ។
ថ្លែងនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ប្រធានគណបក្សវ័យក្មេងរូបនេះ បានប្រកាសយ៉ាងដូច្នេះថា៖«ខ្ញុំគាំទ្រការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបង្កើតវេទិកាប្រជុំប្រធានគណបក្សទាំង២០ ដើម្បីផ្ដល់យោបល់ និងទស្សនៈនយោបាយ ក្នុងការដោះស្រាយបញ្ហាជាតិ ប្រសិនជាយោបល់នោះត្រូវបានយកទៅអនុវត្តនោះវាជាការល្អ និងជាសញ្ញាមួយផ្ដល់ផលវិជ្ជមានដល់សង្គមជាតិ។ ហើយខ្ញុំនឹងពាំនាំបញ្ហារបស់ពលរដ្ឋ រួមទាំងដំណោះស្រាយយកទៅបរិយាយឲ្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ឲ្យបានដឹងស៉ីជម្រៅ និងដោះស្រាយ ឲ្យបានល្អជាងមុន»។
នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕