(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire D'enfant = PSE) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសផ្សព្វផ្សាយ និងដាក់ចេញការវាយតម្លៃការសិក្សាពីមុន ឬបទពិសោធន៍ពីមុនរបស់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ដោយចាប់ផ្តើមពីជំនាញក្នុងសេវាកម្មសណ្ឋាគារសម្រាប់ដំណាក់កាលដំបូង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ ស្ថាបនិកអង្គការ PSE រួមជាមួយវត្តមានរបស់លោក ធៀរី រីហ្គា នាយកវិទ្យាស្ថាន PSE ថ្នាក់ដឹកនាំ មន្ត្រីរាជការ អតីតអ្នកសិក្សា និងអ្នកកំពុងសិក្សានៅសាលា PSE ប្រមាណជាង១ពាន់នាក់ នៅវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ច PSE។
លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ បានបញ្ជាក់ថា ការប្រកាសផ្សព្វផ្សាយ និងដាក់ចេញការវាយតម្លៃការសិក្សា ឬបទពិសោធន៍ពីមុនរបស់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នាថ្ងៃនេះ នឹងធ្វើឱ្យអ្នកជំនាញដែលកំពុងប្រកបការងារក្នុងវិស័យទេសចរណ៍នេះ កាន់តែមានភាពរស់រវើកថែមទៀត។
លោកស្រីបានបន្តថា យន្តការទាំងនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍ ក៏ដូចជាជាគំនិតផ្ដួចផ្ដើមរបស់ជាតិ ដែលមិនត្រឹមតែឱ្យអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ទទួលបាននូវមុខងារកាន់តែខ្លាំងបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលស្គាល់ជាផ្លូវការនូវសមិទ្ធផលរបស់ពួកគេផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយ និងដាក់ចេញនូវយន្តការនេះ គឺជាការបង្ហាញពីសកម្មភាពយុទ្ធសាស្រ្តថ្មីមួយទៀត ដែលក្រសួងទេសចរណ៍បានរៀបចំ និងប្រកាសអនុវត្តចាប់ពីថ្ងៃនេះតទៅ ពោលគឺការវាយតម្លៃបទពិសោធន៍ ជំនាញ និងចំណេះដឹងរបស់អ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ហើយដែលពុំទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្លូវការបញ្ជាក់សមត្ថភាព ក្រោមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning)។
ជាមួយគ្នានោះ លោក ទ្រី ឈីវ អគ្គនាយករងជំនាញទេសចរណ៍ បានលើកឡើងដែរថា យន្តការវាយតម្លៃនេះនឹងអនុញ្ញាតឱ្យអ្នកពុំទាន់មានវិញ្ញាបនបត្រ ប៉ុន្តែមានបទពិសោធន៍ត្រូវបានទទួលស្គាល់គុណវុឌ្ឍិជាផ្លូវការតាមយន្តការជាតិ និងអាស៊ាន។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ដោយមានការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិជាង ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ ១លាននាក់ និងចំណូលចូលជាតិ ៥,០០០លានដុល្លារអាមេរិក។ លើសពីនេះទៀត អង្គការពិភពលោកធំៗ ដូចជាក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) មានសុទិដ្ឋិនិយមខ្ពស់ចំពោះកម្ពុជា ដោយបានព្យាករណ៍ថា៖ នៅឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកនៃការមកដល់របស់ទេសចរអន្តរជាតិចំនួនប្រមាណ ១០លាននាក់ វិស័យទេសចរណ៍នឹងបង្កើតការងារផ្ទាល់ប្រមាណ ១.២លាននាក់។ នៅឆ្នាំ២០៣០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ១៥លាននាក់ ដោយបង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់។
និន្នាការណ៍នេះបង្ហាញថា វិស័យទេសចរណ៍កម្ពុជាត្រូវការពលកម្មជំនាញជាមធ្យមប្រមាណ ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០។
ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងបានដាក់ចុះនូវយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ »។ ដើម្បីទ្រទ្រង់យុទ្ធនាការ និងផែនការយុទ្ធសាស្ត្រខាងលើ ក្រសួងទេសចរណ៍បានបំពេញការងារយ៉ាងសកម្មមួយចំនួនកន្លងមក ដោយសហការជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ រួមមាន៖ លេខាធិការដ្ឋានអាស៊ាន ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សាលាបណ្តុះបណ្តាល អង្គការជាតិ និងអន្តរជាតិនានា បណ្តុះបណ្តាលគ្រូបង្គោល អ្នកវាយតម្លៃបង្គោល ដាក់បញ្ចូលកម្មវិធីសិក្សាជំនាញទេសចរណ៍ តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រមទាំងបានរៀបចំ និងកំពុងដំណើរការរៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញទេសចរណ៍ផ្សេងៗទៀត។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់យុវជន អ្នកជំនាញទេសចរណ៍ អតីតសិស្ស PSE មកដាក់ពាក្យស្នើសុំការវាយតម្លៃនៅសាលា PSE ឬតាមប្រព័ន្ធអនឡាញឱ្យបានកុះករ និងបានស្នើឱ្យម្ចាស់អាជីវកម្មនៃវិស័យទេសចរណ៍ទាំងអស់ ផ្សព្វផ្សាយគោលនយោបាយវាយតម្លៃនេះដល់បុគ្គលិករបស់ខ្លួន ដើម្បីជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់នីតិកាលទី៦ខាងមុខ។ មួយវិញទៀត លោកក៏បានស្នើដល់មន្រ្តីជំនាញត្រូវគិតគូរដាក់ចុះអនុវត្តការវាយតម្លៃសមត្ថភាពនេះឱ្យបានទូទាំងប្រទេស ធ្វើយ៉ាងណារក្សាឱ្យបានគុណភាព និងស្របតាមយន្តការជាតិ និងអាស៊ាន៕