(ភ្នំពេញ)៖ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យសាលាបឋមសិក្ស១ខ្នង ឈ្មោះ «មេមល់» ដែលមានទីតាំងនៅក្នុងភូមិមេមល់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង កំពុងទទួលរងទឹកជន់លិច ដែលធ្វើឲ្យសិស្សានុសិស្ស លំបាកនៅក្នុងការធ្វើដំណើរ ចូលទៅក្នុងសាលារៀន។
តាមរយៈបទសម្ភាសន៍ តាមទូរស័ព្ទជាមួយនឹងភ្នាក់ងារ Fresh News ប្រចាំរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក អែម កាវ នាយកសាលាបឋមសិក្សា «មេមល់» បានបញ្ជាក់ថា សាលារបស់លោកនេះ បានទទួលរងទឹកជន់លិច ជិតកន្លះខែមកហើយ ពោលចាប់តាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។
លោក អែម កាវ បានបន្ថែមថា សាលាបឋមសិក្សា «មេមល់» មានបន្ទប់រៀនចំនួន៣ និងមានសិស្សសរុប ចំនួន១២៥នាក់។ លោកថា សាលានេះ ឲ្យតែមានភ្លៀង និងមានការប្រកាសអាសន្ន ចំពោះទឹកជំនន់ នៅក្នុងខេត្ត មួយចំនួននោះ សាលារបស់លោក នឹងមានការលិចលុង ដោយសារតែសាលានេះ មានសភាពខ្ពស់ជាងបរិវេណសាលា ហើយបរិវេណទាបជាងផ្លូវខ្នល់។
នាយកសាលារូបនេះ បានបន្ដទៀតថា សព្វថ្ងៃនេះកូនសិស្សបានចូលរួមរៀន ដោយសារតែលោកបានធ្វើស្ពាន ដើម្បីឲ្យសិស្សធ្វើការឆ្លងកាត់ ប៉ុន្ដែទាមទារឲ្យមាតាបិតាសិស្សជូន ដើម្បីជៀសវាងគ្រោះថ្នាក់ ជាពិសេសកុមារតូចៗ។ ក្នុងនោះផងដែរលោក អែម កាវ ក៏បានបែងចែកឲ្យកុមារធំៗ ធ្វើការខុសត្រូវទៅលើកុមារតូចៗ ផងដែរ។
លោក អែម កាវ បានសង្កត់ធ្ងន់ថា ទុកកង្វល់ដ៏ធំ នៃសាលាបឋមសិក្សា «មេមល់» គឺចង់បានទីធ្លាឲ្យបានស្មើនឹងផ្លូវខ្នល់ ដើម្បីកុំឲ្យមានការលិចទឹកតទៅ និងម្យ៉ាងទៀត ចង់បានអគារ១ខ្នង បន្ថែមទៀត ដើម្បីបង្កើតនូវធនធានគ្រប់គ្រាន់ក្នុងការបង្រៀន ដោយមិនចាំរៀនព្រឹក និងថ្ងៃ ព្រោះសព្វថ្ងៃនេះ មានការខ្វះខាតបន្ទប់រៀននៅឡើយ៕