(ភ្នំពេញ)៖ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា លោកគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ដែលចង់បង្កើតវេទិកាសំណេះសំណាលជាមួយគណបក្សទាំង២០ និងលើកទឹកចិត្តឲ្យមានការនិយាយគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់។
លោក គង់ ម៉ូនីកា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែយល់ឃើញថា ការឃោសនារបស់គណបក្សកាន់អំណាច គណបក្សឈ្នះឆ្នោត ដែលចង់បង្កើតឲ្យមានវប្បធម៌សន្ទនារវាង គណបក្សក្នុងរដ្ឋសភា និងគណបក្សក្រៅរដ្ឋសភា គឺជាការផ្តល់តម្លៃ និងជាឱកាសមួយដែលផ្តល់ឲ្យគណបក្សដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះ ក៏ជាការផ្តល់ឱកាសឲ្យគណបក្សនោះ បម្រើប្រជាពលរដ្ឋបានដែរ។ ប៉ុន្តែយើងចង់ឲ្យវេទិកាទាំងអស់ហ្នឹង បើមានមែនធ្វើយ៉ាងណាមានសុចរិតភាព និងតម្លាភាព ដើម្បីកុំឲ្យប្រើប្រាស់វេទិកានោះ ដើម្បីចោទប្រកាន់គណបក្សដទៃទៀត ក្លាយជារណបរបស់ខ្លួន»។
នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។
លោកគង់ មុនីកា បានបន្តថា «ខ្ញុំយល់ថា វាមិនមានអីជាអវិជ្ជមានទេ ប្រសិនបើយើងធ្វើទៅប្រកបទៅដោយសុចរិតភាព ដោយពិតប្រាកដ ហើយយើងចង់ឲ្យអ្នកនយោបាយខ្មែរ និងខ្មែរហ្នឹង ដែលមាននិន្នាការផ្សេងគ្នា អាចនិយាយគ្នាដោយស្មោះត្រង់ ទៅវិញទៅមក គឺជាការល្អ»។
សូមជម្រាបថា គណបក្សក្មេងខ្ចីកូនប្រុសរបស់លោក គង់ គាំ ជាអតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមគណបក្សទាំង២០។ លោក គង់ មុនីកា បានផ្ញើលិខិតថ្លែងអំណរគុណមួយ ដោយសម្តែងការសប្បាយចិត្តជាខ្លាំង បន្ទាប់ពីទទួលបានការគាំទ្របែបនេះ ពីប្រជាពលរដ្ឋ។ ទោះមិនបានអាសនៈ លោកចាត់ទុកថា ការគាំទ្រនេះ ជាជោគជ័យមួយសម្រាប់គណបក្សថ្មីសន្លាងរបស់លោក។
បើតាមលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសកាលពីថ្ងៃទី១១ ខែសីហា កន្លងទៅគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ ចំណែកគណបក្សឆន្ទៈខ្មែររបស់កូនពៅ លោក គង់គាំ មនុស្សជំនិត លោក សម រង្ស៊ី ទទួលបានសំឡេងចំនួន ២១២,៨៦៩ផងដែរ៕