(កំពត)៖ លោកវរសេនីយ៍ឯក គង់ សុខន ស្នងការរងនគរបាលខេត្តកំពត បានឲ្យដឹងថា តាមរបាយណ៍លទ្ធផល នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បានបង្ហាញថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១៩១នាក់, គ្រឿងញៀន២៧៦កញ្ចប់ ទម្ងន់២៥៩,៥០ក្រាម, និងថ្នាំញៀនWY១៤គ្រាប់ ផងដែរ។
លោកស្នងការរង បានបញ្ជាក់បែបនេះ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន «ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨» នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិតីភាព លោក ជាវ តាយ អភិបាលខេត្តកំពត នៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមលោក គង់ សុខន ខេត្តកំពត បើទោះបីមិនឃើញមានបទល្មើស និងមុខសញ្ញាកើតឡើងនូវការលបលួចកែឆ្នៃផលិតគ្រឿងញៀន និងការដាំដុះកញ្ឆាក៏ពិតមែន តែការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែកើតមានឡើងជាបន្តបន្ទាប់ជាលក្ខណៈទ្រង់ទ្រាយតូចៗ នៅគ្រប់បណ្ដា ស្រុក ក្រុងទូទាំងខេត្ត ដែលនាំចូលក្នុងភូមិសាស្ត្រខេត្តកំពត គឺចេញពីរាជធានីភ្នំពេញ តាមរយៈការផ្ញើជាសម្ភារតាមតាក់ស៊ី ឬចល័តជួបគ្នាតាមរយៈទូរស័ព្ទជាដើម។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា «រីឯប្រតិបត្តិការ នៃការបង្ក្រាបបានចំនួន៨២ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១៩១នាក់ ក្នុងនោះស្រី២៤នាក់ ជនបរទេសចំនួន២នាក់, ចាប់យកវត្ថុតាងគ្រឿងញៀនចំនួន២៧៦កញ្ចប់ ទម្ងន់២៥៩,៥០ក្រាម និងថ្នាំញៀនប្រភេទគ្រាប់ (WY) ចំនួន១៤ គ្រាប់កន្លះទម្ងន់ ១៥,៨០ក្រាម និងសម្ភារបម្រើបទល្មើសជាច្រើនប្រភេទ ផ្សេងទៀតផងដែរ»។
ក្នុងពិធីនេះដែរលោកអភិបាលខេត្តកំពត បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ នៅក្នុងខ្លឹមសារលិខិតសំខាន់ខ្លះៗរបស់សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដំណាក់កាលទី៣ ជាបន្តទៀត។
បើតាមលោក ជាវ តាយ ដើម្បីឲ្យយុទ្ធនាការនេះ កាន់តែមានការចូលរួម និងគាំទ្រផុលផុសថែមទៀតក៏ដូចជាដើម្បីអបអរសាទរការប្រារព្ធទិវាអន្តរជាតិនេះ សូមប្រជាពលរដ្ឋ បន្តប្រើប្រាស់ពាក្យស្លោក «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ព្រោះថា មានតែការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គមទេ ទើបបញ្ហាគ្រឿងញៀនអាចដោះស្រាយបានដោយជោគជ័យ។
លោកបន្តថា សារសំខាន់នៃការចូលរួមទាំងអស់គ្នា គឺមានន័យថា ត្រូវមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ សហគមន៍រហូតដល់អង្គភាព ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញធរ និងសមត្ថកិច្ចមូលដ្ឋានវិស័យសាសនា និងឯកជនអង្គការមិនមែនរដ្ឋាភិបាលហើយធ្វើការព្រមៗគ្នា ទៅតាមតួនាទី និងភារកិច្ចពាក់ព័ន្ធទាំងដោយផ្ទាល់ និងដោយប្រយោល។
ពិសេសការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងយកចិត្តទុកដាក់លើកកម្ពស់ការងារផ្សព្វផ្សាយអប់រំ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការងារសមាហរណកម្មអ្នកជាសះស្បើយ ពីការញៀនគ្រឿងញៀនទៅក្នុងគ្រួសារ និងសហគមន៍វិញផងដែរ៕