(ពោធិ៍សាត់)៖ អគាសម្ភពថ្មីមួយខ្នង រួមជាមួយគ្រឿងបរិក្ខាទំនើបៗ និងបន្ទប់អនាម័យស្ថិតនៅ ក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ ជាអំណោយមនុស្សធម៌របស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ផ្តល់ជូនតាមរយៈលោក William A. Heidt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងដោយបានការចូលរួមជាគណៈអធិបតីពីសំណាក់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានជម្រាបជូនថា មន្ទីរពេទ្យបង្អែកក្រគរ បានអភិវឌ្ឍន៍ខ្លួនដែលបានគ្របដណ្តប់ទូទាំងស្រុក មាន១១ឃុំ ១០៥ភូមិ និង៩មណ្ឌលសុខភាព មានគ្រែ៤០ សម្រាប់ផ្តល់សេវា ដែលមានប្រជាពលរដ្ឋជាង៩ម៉ឺននាក់។ លោកបានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្ត បានទទួលសំណង់អគា៥ខ្នង រួមជាមួយបរិក្ខា ដែលជាអំណោយសប្បុរសធម៌ របស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ជាចំណងដៃចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់។
ជាមួយគ្នានោះដែរ មន្ទីរសុខាភិបាលខេត្ត បានលើកគម្រោងទី៦ ដាក់ជូនអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមកហើយ ដើម្បីជួយសាងសង់អគាពហុព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលខ្វះខាត និងតម្រូវការចាំបាច់ សម្រាប់ការផ្តល់សេវា និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
លោក William A. Heidt និងលោកស្រី បានថ្លែងថា អគាសម្ភពស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ គឺជាចំណងដៃមួយ ជូនស្រុកកំណើតផង និងជូនប្រជាពលរដ្ឋយើង មុននឹងបញ្ចប់បេសកកម្ម នៅប្រទេសកម្ពុជា ព្រោះថាអគានេះ មានសារសំខាន់ដល់បងប្អូន ជាពិសេសស្ត្រីមកទទួលសេវាទាំងមុន និងទាំងក្រោយ ពេលសម្រាលកូន ដើម្បីបញ្ជៀសបាននូវបញ្ហាគ្រោះថ្នាក់ជាយថា ហេតុ ដែលជាកង្វល់របស់យើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ជាអាទិភាព។ លោក និងលោកស្រី បានប្រាប់ប្រជាពលរដ្ឋ ចាត់ទុកថា អគាសម្ភពនេះគឺជារបស់យើងទាំងអស់គ្នា ហេតុនេះសូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្ស ល្អ និងយូរអង្វែង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនូវអំណរគុណ ចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងលោកស្រី ដែលបានកសាងអគាសម្ភព នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ នឹងដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។ ចក្ខុវិស័យទូលំទូលាយ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល គឺសម្តៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានសុខុមាលភាពកាន់តែប្រសើរ ទោះរស់នៅទីណាក្តី ស្ថានភាពហិរញ្ញវត្ថុយ៉ាងណាក៏ដោយ ត្រូវតែទទួលបានសេវាថែទាំសុខភាព មានគុណភាព និងសុវត្ថិភាព ស្របតាមនិយាមវប្បធម៌ និងប្រពៃណីសង្គម។
ជាមួយគ្នានោះក្រសួង ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ពិសេសគ្រូពេទ្យជំនាញ និងជាស្ត្រីមានតួនាទី ក្នុងការផ្តល់សេវា សុខភាពបន្តពូជ បង្កើនល្បឿនកាត់បន្ថយមរណៈភាពមាតា និងទារក ដែលជាសូចនាករចម្បង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកបានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីសុខាភិបាលខេត្ត និងស្រុកប្រតិបត្តិទាំង៤ គឺត្រូវយកចិត្តទុកដាក់ថែទាំហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ មានសោភ័ណភាព ធានាក្នុងការផ្តល់សេវា ថែទាំសុខភាពមាតា ទារក និងកុមារ ស្របតាមបទដ្ឋានគ្លីនិក ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសូមឲ្យប្រជាពលរដ្ឋ បើមានបញ្ហាសុខភាពសូមមកប្រើប្រាស់សេវាសុខភាព នៅមណ្ឌល និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕